2024-03-25 05:03
41

ខេត្តសៀមរាប៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានបញ្ជូនខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីអំពើ ឃា.ត.ក.ម្ម ទៅសាលាដំបូងខេត្តសៀមរាប ដេីម្បីបន្តនីតិវិធីច្បាប់។ 

ប្រភពដដែលបន្តថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ប្តីប្រពន្ធ ពាក់ព័ន្ធករណី អំពើឃា.ត.ក.ម្ម ដែលស្ថិតក្នុងភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។ ជនសង្ស័យឈ្មោះ ហាក់ ហៃ ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ កសិករ និងប្តីឈ្មោះ យិន សុខលីន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កម្មករ (ម្តាយបង្កើត និងឪពុកចុង) បានធ្វើសកម្មភាពវាយធ្វើបាបកូនរហូតដល់ស្លា.ប់ ជនរងគ្រោះឈ្មោះ ផ្លាវ សុចិត្រា ភេទប្រុស  អាយុ២២ខែ បច្ចុប្បន្នរស់នៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។ 

ក្រោយពីបានទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះដល់កន្លែងកើតហេតុ ហើយបាននាំខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើមកធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលស្រុក តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពវាយធ្វើបាបកូនរហូតដល់ស្លាប់ពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធ នៅថ្ងៃទី២៥ ខែមីនានេះ ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕