2023-12-29 06:12
168

ពោធិ៍សាត់៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ជាមួយឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងអាជ្ញាធរខេត្តពោធិ៍សាត់ រោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតក្នុងភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងពោធិ៍សាត់ជិត ២ដង។ 

ពិធីនេះក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ទីភ្នាក់ងារ JICA រដ្ឋបាលក្រុង Kitakyushu រដ្ឋបាលខេត្តពោធិ៍សាត់ អាជ្ញាធរមូលដ្ឋាន ទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនសំណង់ និងប្រជាពលរដ្ឋ សរុបប្រមាណ៦៥០នាក់។ 

ឯកឧត្តម ហែម វណ្ណឌី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើវិស័យទឹកស្អាត។ 

ឯកឧត្តមបានលើកឡើងថា៖ “នេះជារោងចក្រផលិតទឹកស្អាតទី៣ ក្រោមជំនួយហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីរោងចក្រផលិតទឹកស្អាតថ្មី ជ្រាវសៀមរាប និងរោងចក្រផលិតទឹកស្អាតស្ទឹងសែនទី២ ក្នុងខេត្តកំពង់ធំ។ ខណៈយើងប្រារពខួបលើកទី៧០នៃទំនាក់ទំនងកាទូតដ៏រឹងមាំ និងរស់រវើករវាងកម្ពុជា និងជប៉ុន ឆ្នាំ២០២៣ក៏បង្ហាញនូវសមិទ្ធផលជាច្រើននៃទំនាក់ទំនងនេះផងដែរ។” 

ទន្ទឹមនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តម្រូវការទឹកស្អាតក្នុងខេត្តពោធិ៍សាត់មានការកើនឡើងជាលំដាប់។ រដ្ឋាករទឹកស្វយ័តពោធិ៍សាត់ ដែលជាស្ថាប័នរដ្ឋទទួលបន្ទុកផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្ត បានឆ្លើយតបទៅនឹងកំណើននៃតម្រូវការនេះ ដោយបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់ខ្លួន តាមរយៈការសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រផលិតទឹកស្អាតថ្មីនេះ។ 

ក្រោមគម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA ក្នុងចំនួនទឹកប្រាក់សរុប ២.៤០៥ លានយ៉េន (ប្រហែល ២២,២ លានដុល្លារអាមេរិក) គម្រោងនេះប្រើពេលសាងសង់ចំនួន ២៤ ខែ ចាប់ពីខែសីហា ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២៣ ដោយរួមមានរោងចក្រផលិតទឹកស្អាត និងអគាររដ្ឋបាលមួយ ដែលនឹងរួមចំណែកដល់ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តពោធិ៍សាត់ជារួម។ 

រោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន ក្រុងពោធិ៍សាត់ ដែលមានសមត្ថភាពផលិត ៦.៦០០ម៉ែត្រគូប/ថ្ងៃ នឹងជំរុញសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកពោធិ៍សាត់ដល់ ១៣.៨៦០ម៉ែត្រគូប/ថ្ងៃ។ ជាមួយនឹងបណ្តាញចែកចាយទឹកប្រវែង ២៤៧ គីឡូម៉ែត្រ រដ្ឋាករទឹកពោធិ៍សាត់នឹងអាចចែកចាយទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យដល់ប្រជាពលរដ្ឋជាង ១៥.០០០ គ្រួសារ នៅក្នុងក្រុងពោធិ៍សាត់ និងផ្នែកខ្លះនៃស្រុកបាកាន និងស្រុកកណ្តៀង។ 

សមិទ្ធផលដ៏សំខាន់នេះមិនត្រឹមតែដោះស្រាយតម្រូវការទឹកស្អាតបន្ទាន់របស់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏គាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០របស់កម្ពុជាផងដែរ។ ជាមួយនឹងសមិទ្ធផលនេះ ខេត្តពោធិ៍សាត់ក៏នឹងមានលក្ខណៈសម្បត្តិកាន់តែប្រសើរក្នុងការទាក់ទាញការវិនិយោគបន្ថែម ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត។ 

សូមបញ្ជាក់ថា: នៅក្នុងខណៈនោះដែរឯកឧត្តម ក៏បានបំពាក់នូវគ្រឿងឥស្សរយសដល់ថ្នាក់ដឹកនាំ​មន្ត្រីរាជការរួមមានមេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន ២ ថ្នាក់មហាសេនា៣រូប  ថ្នាក់ធិបឌិន្ទ ១រូប ថ្នាក់សេនា ១២រូប ថ្នាក់អស្សឬទ្ធិ ៥រូប និងមេដាយការងារ១១រូបព្រមទាំងចែកជូនអំណោយដល់លោកតាលោកយាយ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូផងដែរ៕ លាន គ្រន