2024-04-09 11:04
30

ផ្ទះប្រជាពលរដ្ឋចំនួន៣ ខ្នងត្រូវបានអគ្គិភ័យឆាបឆេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពី វេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី៨ ខែមេសាឆ្នាំ ២០២៤ ស្ថិតនៅ ភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោងខេត្តកំពង់ធំ ។
បើតាមលោកវរសេនីយ៍ទោជឹម រីណា អធិការនគរបាលស្រុកស្ទោង បានឲ្យដឹងថាផ្ទះដែលអគ្គិភ័យឆាបឆេះខាងលើនេះទី១មានទំហំ ៧ម៉ែត្រ  x ២៥ ម៉ែត្រ  សង់អំពីឈេីដំបូលប្រក់ស័ង្កសី មានម្ចាស់ឈ្មោះ គង់ សុខជ័យ  ភេទ ប្រុស អាយុ៤៧ឆ្នាំ ខូចខាតគិតជាទឹកប្រាក់ប្រហែល៣០លានរៀល ។ ទី២  មានទំហំ ៧ ម៉ែត្រ x២៤ ម៉ែត្រ  សង់អំពីឈេី ដំបូលប្រក់ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ម្ចាស់ផ្ទះឈ្មោះម៉ាប់ លីហឺ ភេទ ស្រី អាយុ ៣៣ឆ្នាំ ក្នុងនោះក៏បានឆេះបំផ្លាញ ឧបករណ៍នេសាទត្រី និងគ្រឿងឡានជាច្រើនផងដែរដែល គិតជាទឹកប្រាក់ប្រមាណជា ៤មុឺនដុល្លា ។ ចំណែកផ្ទះទី៣ឆេះជញ្ជាំងអស់មួយចំហៀង ម្ចាស់ផ្ទះឈ្មោះ ឃុន សុផល ភេទ ស្រី អាយុ ៤១  ។

នៅក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះក៏មានវត្តមានលោកសាយ គឹមឡម អភិបាល  ស្រុកស្ទោងបានចុះទៅដឹកនាំបញ្ជាកម្លាំងសមត្ថកិច្ចក្នុងការជួយអន្តរាគមន៍បាញ់ទឹកពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥ គ្រឿងទើបអគ្គិភ័យនេះបានរលត់អស់ទៅវិញទាំងស្រុង ។

ឆ្លៀតនៅក្នុងឪកាសនោះដែរលោកសាយ គឹមឡម ក៏បានសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះអគ្គិភ័យដែលឆេះបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋខាងលើនេះ ទន្ទឹមនិងនោះលោកអភិបាលស្រុកក៏បានអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសូមបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាអគ្គិភ័យដែលតែងកើតមានឡើងជាយថា ហេតុ ជាពិសេសនៅក្នុងរដូវក្តៅហួតហែងនេះ ។

គួរបញ្ជាក់ថានៅក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ ចំពោះមូលហេតុដែលនាំឲ្យមានអគ្គិភ័យនេះកើតឡើងសមត្ថកិច្ចបានសន្និដ្ឋានថាបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។