2023-07-05 03:07
246

ភ្នំពេញ៖       ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ នៅតាមផ្លូវក្រវាត់ក្រុងទី៣ ត្រង់ចំណុចរង្វង់មូលគល់ស្ពានអាកាសប៉ែកខាងត្បូង​ ស្ថិតនៅក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កម្មការិនីម្នាក់បាញ់ល្បិចការលួងលោមរបស់ក្រុមទម្លាក់យោងដឹកយកទៅដោះគ្រឿងអលង្ការអស់ពីខ្លួនរួចទម្លាក់ចោលនាំគ្នាគេចខ្លួនបាត់អស់​ ។ 

    យោងតាមក្នុងប័ណ្ណសម្គាល់ខ្លួន(កាត)១សន្លឹក មានឈ្មោះអ៊ុំ វិច្ឆិកា អាយុប្រមាណជាង២០ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរយីហោ« ម៉ៅ ស៊ីង យ័ន ខេមបូឌា ហ្គាម៉ិន ឯ ក » អត្តលេខI 06 ផ្នែកដេរ ។

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ នៅមុនពេលកើតហេតុគាត់កំពុងអង្គុយចាំមិត្តភក្តិនៅត្រង់ចំណុចរង្វង់មូលគល់ស្ពានអាកាសផ្លូវក្រវាត់ក្រុងទី៣នេះដើម្បីទៅធ្វើការជាមួយគ្នា។ ពេលនោះបានឃើញបុរសម្នាក់ជិះម៉ូតូឌុបស្រ្តីរងគ្រោះធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងទៅឈប់នៅទីនោះ រួចទាញនាងឱ្យចុះពីលើម៉ូតូ បន្ទាប់មកជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់។

    ប្រភពដដែលនេះបាននិយាយបន្តទៀតថា គាត់គ្រាន់តែដឹងថា ម៉ូតូដែលជនសង្ស័យជិះឌុបនារីរងគ្រោះនោះម៉ាកហុងដាឌ្រីម សេ១២៥ ប៉ុន្តែគាត់ក៏មិនបានចាំថា ម៉ូតូនោះស៊េរីឆ្នាំប៉ុន្មាននិងមានស្លាកលេខប៉ុន្មាននោះដែរ ព្រោះមុនដំបូងអត់បានដឹងថាមានរឿងបែបនេះទេ។ លុះក្រោយពេលដែលជនសង្ស័យចេញទៅបាត់ ស្រ្តីរងគ្រោះបានសុំខ្ចីទូរស័ព្ទរបស់គាត់ខលទៅរកសាច់ញាតិហើយនាងនិយាយតាមទូរស័ព្ទថា ត្រូវគេដោះយកគ្រឿងអលង្ការអស់ហើយ ។

    ប្រភពខាងលើបានឱ្យដឹងទៀតថា ក្រោយនិយាយចប់ស្រ្តីនេះបានពឹងឱ្យគាត់ជួយដឹកទៅផ្ទះដែរ ប៉ុន្តែដោយគាត់ជាប់រវល់ទើបមិនបានដឹកទៅឡើយ បន្ទាប់មកស្រ្តីរូបនេះក៏បានដួលប្រកាច់រឹតតែបង្កឱ្យមានការភ្ញាក់ផ្អើលថែមទៀត។ដោយពុំដឹងថា គាត់ត្រូវថ្នាំចោរឬមួយមានអារម្មណ៍សោកស្ដាយទ្រព្យសម្បត្តិដែលចោរយកទៅអស់នោះទេ។ ក្រោយពេលកើតហេតុអ្នកភូមិបាននាំគ្នាទៅចោមរោមមើល និងបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះភ្លាមៗផងដែរ៕