2024-03-25 12:03
32

ភ្នំពេញៈ កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌមានជ័យដឹកនាំដោយលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ កាលពីល្ងាចថ្ងៃទី២៤ខែមីនា ឆ្នាំ ២០២៤ បានឆ្មក់ចុះបង្រ្កាបទីតាំងលួចបង្កប់លេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញមួយកន្លែង ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

 ប្រត្តិបត្តិការខាងលើនេះបានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចជាលទ្ធផលកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌមានជ័យបានឃាត់ខ្លួនអ្នកពាក់ព័ន្ធ ចំនួន៩នាក់ យកទៅធ្វើការសាកសួរនិងធ្វើតេស្តរកសារធាតុញៀន នៅប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យទី៣ ។

 បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣បានឲ្យដឹងថាក្នុងចំណោមជនសង្ស័យទាំង៩នាក់ខាងលើនេះសមត្ថកិច្ចបានរកឃើញ ៥នាក់ មានសារធាតុញៀនក្នុងខ្លួន ។

 ពាក់ព័ន្ធទៅនិងប្រតិបត្តិការនេះសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងគឺជាជនជាតិវៀតណាម មិនបានចូលរួមសហការណ៍ជាមួយកម្លាំងយើងនោះទេ ហើយក៏មិនបានប្រគល់សម្ភារ:ដែលពាក់ព័ន្ធនិងបទល្មើសល្បែងស៊ីសងជូនសមត្ថកិច្ចដែរ។

 ចំណែកអ្នកពាក់ព័ន្ធនិងល្បែងស៊ីសងក្នុងនោះ៥នាក់ដែលមានសារធាតុញៀនសមត្ថកិច្ចអនុវត្តតាមនីតិវិធី ដោយឡែក៤នាក់ទៀតសមត្ថកិច្ចធ្វើការអប់រំ រួចក៏បានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ ។