2023-07-17 05:07
196


ខេត្តស្វាយរៀង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំបានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន៣នាក់ ក្នុងរយៈពេលមួយសប្តាហ៍នេះ ដោយសារតែពួកគេធ្វើសកម្មភាពបង្ហោះនិងរោទ៍ម៉ូតូរំខានដល់ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរតាមផ្លូវ។


   លោក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រុំបានឱ្យដឹងថា ដោយលោកទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានក្រុមក្មេងទំនើងរោទ៍ម៉ូតូរំខានដល់ប្រជាពលរដ្ឋក្នុងភូមិ លោកបានដឹកនាំកម្លាំងជំនាញ ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លក ឃាត់ខ្លួនបានក្មេងទំនើងម្នាក់យកមកធ្វើការអប់រំឱ្យបញ្ឈប់បង្ហោះម៉ូតូនិងដាក់បំពង់ស៊ីមាំងឮបង្កការរំខានដល់ប្រជាពលរដ្ឋទាំងពេលថ្ងៃនិងពេលយប់តទៅទៀត។
   លោកអធិការបានបន្តថា ករណីទី២កាលពីថ្ងៃ១០ ខែកក្កដា ឆ្នាំ២០២៣ ក៏បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន២នាក់ដែលបង្ហោះម៉ូតូតាមដងផ្លូវបង្កការរំខានដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរផងដែរ។
  លោកបានបញ្ជាក់ថា ចំពោះករណីទាំងពីរនេះ លោកបានធ្វើការអប់រំនឹងហៅឪពុកម្ដាយមកធ្វើកិច្ចសន្យាអប់រំណែនាំ រួចឱ្យត្រឡប់ទៅផ្ទះវិញធ្វើជាក្មេងល្អផងដែរ។
   លោកអធិការនគរបាលស្រុកស្វាយជ្រំ ក៏បានជំរុញដល់ឪពុកម្ដាយ និងអាណាព្យាបាលទាំងអស់ត្រូវតាមដានអំពីសកម្មភាពរបស់កូនៗឱ្យបានល្អពេលទៅសាលារៀននិងនៅផ្ទះ ហើយអប់រំឱ្យធ្វើនូវអំពើល្អ ជាពិសេសត្រូវតាមដានការសិក្សារៀនសូត្ររបស់កូនផងដែរ។
   លោកបានបញ្ជាក់ថា សមត្ថកិច្ចក៏បានពន្យល់ណែនាំឱ្យយល់ដឹង និងឱ្យគោរពតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ៧ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ ឱ្យឪពុកម្ដាយ និងក្មេងទំនើងទាំងអស់នោះបានយល់ដឹងនិងចូលរួមអនុវត្ត ឲ្យមានប្រសិទ្ធភាពទាំងអស់គ្នា៕