2023-12-19 12:12
112

ខេត្តកំពង់ស្ពឺ៖ មនុស្សស្រីប្រុសចំនួន ៣នាក់បានរងរបួសធ្ងន់ស្រាលត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលភ្លាមៗ ខណៈដែលពីរនាក់ប្តីប្រពន្ធជិះម៉ូតូឌុបគ្នាលឿនពេកជ្រុលទៅបុករថយន្តព្រូស១គ្រឿងពីក្រោយ ហើយជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតដែលបញ្ច្រាសទិសពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០ ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅលើផ្លូវលេខ 1KS1 ត្រង់ចំណុចភូមិស្វាយ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
នគរបាលបានឱ្យដឹងថា មុនពេលកើត ហេតុមានម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY-I ពណ៌ ខ្មៅស៊េរីឆ្នាំ 2020 ពាក់ផ្លាកលេខ ភ្នំពេញ 1IK-6637 អ្នកបើកបរឈ្មោះ ឈា វិហាវ ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរកម្មកររោងចក្រ (ពាក់មួកសុវត្ថិភាពរបួសធ្ងន់) ជិះឌុបប្រពន្ធឈ្មោះ ឆែម ស្រីមួយ អាយុ២៩ ឆ្នាំ មុខរបរកម្មការិនីរោងចក្រ (ពាក់មួកសុវត្ថិភាពរងរបួសស្រាល)ទាំង ២ នាក់ រស់នៅភូមិត្រពាំងជ្រៅ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺបើកបរក្នុងល្បឿនលឿន គោលដៅពីកើតទៅលិច មកដល់ចំណុចខាងលើបានឡើងវ៉ាជែងរថយន្តមួយគ្រឿងម៉ាកTOYOTA PRIUS ពណ៌ទឹកសមុទ្រ ស៊េរីឆ្នាំ២០០៦ ពាក់ផ្លាកលេខ ភ្នំពេញ 2AY-7648 បានបុកចំស្តុបក្រោយខាងឆេ្វង រួចជ្រុលចង្កូតទៅបុកចំពីមុខម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1S-8247 អ្នកបើកបរឈ្មោះ ភួង ម៉ារី ភេទស្រី អាយុ២៣ ឆ្នាំ មុខរបរកម្មការិនីរោងចក្រ (ពាក់មួកសុវត្ថិភាពរងបួសធ្ងន់) ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាពេញទំហឹង។

នគរបាលដដែលបានបន្តទៀតថាករណីខាងលើនេះបណ្តាលឲ្យរងរបួសមនុស្ស ចំនួន៣នាក់ ស្រី២នាក់។
រងរបួសធ្ងន់ចំនួន២នាក់ ស្រី១នាក់ ប្រុស១នាក់ និងខូចខាត សម្ភារៈដូចខាងក្រោម៖
   -របួសធ្ងន់អ្នកបើកបរម៉ូតូ(ឈា វិហាវ)  និង (ភួង ម៉ារី)បានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ។
   -របួសស្រាលអ្នករួមដំណើរ(ឆែម ស្រីមួយ)
   -ខូចខាតម៉ូតូ ២គ្រឿង កម្រិតធ្ងន់។
   – ខូចខាតរថយន្ត ១គ្រឿង កម្រិតស្រាល។
ចំពោះអ្នកបើកបររថយន្តក្រោយពេលកើតហេតុរួចបានចុះរត់គេចខ្លួនបាត់ស្រមោល។
ដោយឡែកវត្ថុតាងទាំង៣គ្រឿង សមត្ថកិច្ចជំនាញបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលយាអង្គ នៃអធិការដ្ឋាននគរបាលស្រុកថ្ពងរង់ចាំដោះស្រាយនៅពេលក្រោយ៕