2023-12-24 10:12
144


កណ្តាល៖ ករណី “គប់កញ្ចក់រថយន្ត” កំពុងចរាចរណ៍លើផ្លូវជាតិលេខ ២ បណ្តាលឲ្យខូចរថយន្ត ចំនួន ០៤ គ្រឿង ជនសង្ស័យត្រូវបានសមត្ថកិច្ចចុះស្រាវជ្រាវ និងឃាត់ខ្លួនបានភ្លាមៗទាំងកណ្តាលអាធ្រាត្រ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។ 
   ក្នុងហេតុការណ៍គប់កញ្ចក់រថយន្តខាងលើនេះ មិនបណ្តាលឲ្យមនុស្សរងរបួសទេ។ ចំពោះរថយន្តដែលរងការខួចខាតម្ចាស់បានយកទៅជួសជុលរៀងៗខ្លួន។ 
   សមត្ថកិច្ចបានឲ្យដឹងថា ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ២៣និង០០ នាទី  ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មាន ករណី “គប់កញ្ចក់រថយន្ត” ស្ថិតលើផ្លូវជាតិលេខ២ ភូមិភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ 
    ក្រោយទទួលបានព័ត៌មាន បានបញ្ជូនទៅឲ្យកម្លាំងជំនាញអធិការនគរបាលស្រុកកណ្តាលស្ទឹង ចុះដល់កន្លែងកើតហេតុបានធ្វើការពិនិត្យ និងសាកសួរ។ ជនសង្ស័យម្នាក់ មានឈោ្មះ ចេវ ផេង ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំខាងលើ ត្រូវបានសមត្ថ កិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងដោះស្រាយតាមផ្លូវច្បាប់។ 
   នគរបាលបញ្ជាក់ថា វត្ថុតាងចាប់យក រួមមាន ដុំថ្ម ចំនួន ០៤ ដុំ និងរថយន្តដែលរងការខូចខាត ចំនួន ០៤ គ្រឿង បានប្រគល់ឲ្យម្ចាស់យកទៅជួសជុលរៀងៗខ្លួន៕