2023-08-17 10:08
123

 

នាព្រឹកថ្ងៃពុធ ១៥រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវិមានឯករាជ្យ សួនសម្ដេចក្រឡាហោម វិមានឯករាជ្យ សួនធ្នង់៥៣ និងផ្លូវចាក់កៅស៊ូបេទីម នៅបរិវេណវិមានឯករាជ្យ ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើរបាយការណ៍ជូនសម្ដេច និងអង្គពិធីថា វិមានឯករាជ្យ និងសមិទ្ធផលនានាដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ បានបើកការដ្ឋានស្ថាបនា និងសាងសង់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង។

ឯកឧត្តមបានឱ្យដឹងថាវិមានឯករាជ្យ បានសាងសង់លើទំហំ ៦៦២ម៉ែត្រការ៉េ មានខឿនទម្របាតក្រោម មានអង្កត់ផ្ចិត ៣៥ ម៉ែត្រ កម្ពស់ ២២,២៣ ម៉ែត្រ មានអាងបាញ់ទឹកចំនួន ៤ កម្ពស់ ០,៨ម៉ែត្រ ហើយតួវិមានឯករាជ្យមានខឿន៣ថ្នាក់ ព្រមទាំងមានក្បាច់រចនាខ្មែរដូចជាក្បាច់ពងត្រី ក្បាច់ចង្វាអង្គរ និងក្បាច់ត្របកឈូកជាដើម។ ដោយឡែកសួនច្បារសម្ដេចក្រឡាហោម បានសាងសង់លើទំហំដី ១៣,៨៥០ ម៉ែត្រការ៉េ និងចែកជា ៥ តំបន់។

ឯកឧត្តមបន្ថែមថាតំបន់ទាំងនោះ រួមមានតំបន់នាគបាញ់ទឹក ឬតំបន់រីករាយ តំបន់សន្តិភាព ស្ងប់ស្ងាត់ និងសុខសាន្ត តំបន់រម្លឹកប្រវត្តិសាស្រ្ត តំបន់នាគសន្តិភាព ឬតំបន់រម្លឹកគុណសន្តិភាព និងតំបន់រង់ចាំ។ ឯកឧត្តមបន្ថែមទៀតថា រដ្ឋបាលខេត្តក៏បានចាក់ពង្រីសួនខាងកើតមាត់ស្ទឹងសង្កែបន្ថែមទៀតដែរ។ ចំពោះគម្រោងកែលម្អរសួនធ្នង់៥៣វិញ មានដាំដើមធ្នង់ចំនួន៥៣ដើម មានកន្លែងអង្គុយ ផ្លូវជិះកង់ និងផ្លូវដើរកំសាន្តក្នុងសួន ហើយគម្រោងជួសជុលចាក់កៅស៊ូជុំវិញវិមានឯករាជ្យ មានទំហំ១១,៥៤៣ម៉ែត្រការ៉េ។ 

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងក្នុងនាមក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តបាត់ដំបងដែលបានខិតខំប្រឹងប្រែងកែលម្អរសោភណ្ឌភាពក្រុងបាត់ដំបងជាបន្តបន្ទាប់ ជាក់ស្ដែងវិមានឯករាជ្យ និងសមិទ្ធផលនានាដែលប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ ធ្វើឱ្យខេត្តកាន់តែមានភាពទាក់ទាញ។

ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការខេត្តបាត់ដំបងដែលពេញមួយនីតិកាលទី៦ មកនេះ បានខិតខំបំពេញភារកិច្ចចូលរួមថែរក្សាសុខសន្តិភាព និងស្ថិរភាពជាតិ ជាពិសេសការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ទាំងកម្រិតខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ ជឿជាក់ និងគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាល។

សម្ដេចក្រឡាហោម ក៏សង្ឃឹមជឿជាក់ថារដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ទូទាំងខេត្តបាត់បង និងជារួមទូទាំងប្រទេស នឹងបន្តខិតខំបំពេញតួនាទី និងភារកិច្ចដ៏ល្អនេះ ឱ្យបានកាន់តែល្អប្រសើរទៀតនៅក្នុងនីតិកាលថ្មី ក្នុងនោះសម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់ការពារសិទ្ធិ និងផលប្រយោជន៍ប្រជាពលរដ្ឋ យកចិត្តទុកដាក់ប្រមូលសំណើរ សំណូមពរ និងបញ្ហាប្រឈមរបស់ពលរដ្ឋ ហើយខិតខំរួមគ្នាដោះស្រាយឱ្យទាន់ពេលវេលា។

នាសឱកាសនោះដែរ សម្ដេចក្រឡាហោម បានរម្លឹកអំពីសាវតាដែលរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា បានបែងចែកថ្នាក់ដឹកនាំចុះលើកទឹកចិត្ត និងគាំទ្រថ្នាក់ដឹកនាំមូលដ្ឋាន ជាពិសេសកងទ័ពដែលកំពុងការពារមិនឱ្យរបបខ្មែរក្រហមវិលត្រឡប់មកវិញ។ សម្ដេចបញ្ជាក់ថា គឺចាប់ពីពេលនោះហើយដែលគណបក្ស និងរាជរដ្ឋាភិបាល បានបន្តចាត់ចែងបង្កើតក្រុមការងារចុះមូលដ្ឋានរហូតមកដល់សព្វថ្ងៃ។ 

សម្ដេចគូសបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្ស ក្នុងក្របខណ្ឌគណបក្សប្រជាជនកម្ពុជា បានរួមចំណែកបរិច្ចាគថវិកាផ្ទាល់ខ្លួន កសាងសមិទ្ធផលបម្រើផលប្រយោជន៍សាធារណៈគ្រប់វិស័យ នៅគ្រប់មូលដ្ឋាន ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ ពីមួយអាណត្តិទៅមួយអាណត្តិ ជាក់ស្ដែងក្នុងខេត្តបាត់ដំបង មានសមិទ្ធផលជាច្រើនបានបង្កើតឡើង និងកំពុងបម្រើសេចក្ដីត្រូវការប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម ក៏បានបង្ហាញជំនឿចិត្តថាវិមានឯករាជ្យ ព្រមទាំងសមិទ្ធផលសម្ពោធនាថ្ងៃនេះ នឹងរួមចំណែកទាក់ទាញទេសចរណ៍ក្នុងខេត្តបាត់ដំបង ហើយធ្វើឱ្យចំណូលក្នុងខេត្តកាន់តែកើនឡើង។ សម្ដេចបញ្ជាក់ទៀតថាទីតាំងនេះ នឹងទាក់ទាញទាំងពលរដ្ឋមកដើរកំសាន្ត និងហាត់ប្រាណ។ សម្ដេចបានអំពាវនាវឱ្យពលរដ្ឋ និងភ្ញៀវទេសចរណ៍ ចូលរួមថែរក្សាបរិស្ថាន និងអនាម័យ ហើយបន្តរួមគ្នាដាំដើមឈើឱ្យបានច្រើនបន្ថែមទៀត៕