2023-07-10 06:07
146


ប៉ៃលិន៖     ថ្ងៃទី៩ នៃការឃោសនារកសំឡេងឆ្នោត ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន និង លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ បានបន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស ចំនួនជិត ៤០០នាក់ នៅភូមិកូនភ្នំ, ភូមិអូរឬស្សីលើ, ភូមិបឹងត្រកួន, ភូមិថ្នល់ទទឹង, ភូមិថ្នល់កែង, ភូមិអូរអណ្តូង ឃុំអូរអណ្តូង និងភូមិភូមិដីស្អិត, ភូមិដីសថ្មី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដើម្បីផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំពីរបៀបគូសសន្លឹកឆ្នោតឱ្យត្រឹមត្រូវ ក្លាយជាសន្លឹកឆ្នោតបានការ ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា។


   លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោមមាគាដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយ ដោយបានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងជាប្រទេសដែលប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយការបោះឆ្នោត គឺមានការចូលរួមប្រកួតប្រជែងពីគណបក្ស ចំនួន១៨ ដែលគណបក្សប្រជាជនកម្ពុជាយើង គឺមានលេខរៀងទី១៨  ប៉ុន្តែមានការបំផុសបំផុល របស់ពួកក្រុមជនអគតិផ្កាប់មុខមួយចំនួន ដែលគិតតែពីប្រយោជន៍ក្រុមខ្លួន បម្រើបរទេស ក្បត់ជាតិ បំផ្លាញជាតិ បានធ្វើការញុះញុង និងចោទថា ការបោះបោះឆ្នោតខាងមុខ មិនមានលិទ្ធិប្រជាធិបតេយ្យទៅវិញ ។
   លោកជំទាវប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានមានប្រសាសន៍ជំរុញដល់មន្រ្តីគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវចុះឱ្យដល់មូលដ្ឋាន និងគ្រប់គ្រងឱ្យបានចំពោះការធ្វើចំណាកស្រុកទាំងក្នុងប្រទេស និង ក្រៅប្រទេសរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ព្រមទាំងខិតខំផ្សព្វផ្សាយជំរុញឱ្យពួកគាត់ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយខេត្តប៉ៃលិនយើង ឯកឧត្តម អ៉ី ឈាន បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រលំដាប់លេខរៀងទី១ ។
   នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា៖ ជាង ៤០ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាក ហើយបានបន្តជំរុញការអភិវឌ្ឍប្រទេសជាតិយើងឱ្យបានរីកចំរើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានគណបក្ស ជាក់ស្តែងនៅខេត្តប៉ៃលិនយើង ពីមួយអាណត្តិទៅមួយអាណត្តិ គឺបានខិតខំអភិវឌ្ឍតាមមូលដ្ឋាន ឃុំ/សង្កាត់ ដែលពីមុនពុំធ្លាប់មានសោះ ឥឡូវមាន ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធ ទឹក ភ្លើង និងសមិទ្ធផលនានាជាច្រើនទៀត ដែលបំរើឱ្យ ផលប្រយោជន៍ ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។


   ឯកឧត្តមប្រធានក្រុមការងារ បានមានប្រសាសន៍បន្តថា៖ ជាមួយនឹងរដូវឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ មានគណបក្សនយោបាយមួយចំនួន មិនបានធ្វើសកម្មភាពឃោសនាទេ តែគេធ្វើសកម្មភាពដើរខ្សឹប ដើរសន្យាបោកប្រាស់ និងធ្វើការបំផុសបំផុលសកម្មភាពអគតិមួយចំនួន ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ កុំជឿឱ្យសោះ ព្រោះគ្រាន់តែថា គ្រាន់តែនិយាយ អ្នកណាក៏ចេះដែរ សំខាន់លទ្ធផលជាក់ស្តែង ហើយមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមិនសន្យា និងមិនដើរខ្សឹប ហ៊ាននិយាយ ហ៊ានធ្វើ ដោយបានលេចឡើងនូវសមិទ្ធិផលជាច្រើននៅតាមមូលដ្ឋាន ភូមិ ឃុំ ស្រុក ខេត្ត ។
   ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍បញ្ជាក់ថា៖ «សុខសន្តិភាព និងសមិទ្ធិផលទាំងអស់ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ជាពិសេសខេត្តប៉ៃលិន របស់យើង មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើង ដោយការតាំងចិត្ត ការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំកំពូលៗ ក៏ដូចជា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា ដូច្នេះយើងទាំងអស់គ្នា ត្រូវនាំគ្នាថែរក្សាឱ្យបានគង់វង្ស ដោយត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាគាំទ្របេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយកនាថ្ងៃអនាគត» ។
  អំឡុងពេលនៃការចុះឃោសនានេះ ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ព្រមទាំងក្រុមការងារ ក៏បានបង្រៀនប្រជាពលរដ្ឋឱ្យចេះគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងបានស្នើសុំប្រជាពលរដ្ឋបន្តគាំទ្រ គណបក្សប្រជាជនកម្ពុជា និងគូសចំប្រអប់ឆ្នោតគណបក្សប្រជាជនកម្ពុជាមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសជាតិ ឱ្យមានការរីកចម្រើនទៅមុខទៀត និងការពារថែរក្សាសុខសន្តិភាព ៕