2024-01-19 03:01
85

កំពង់ស្ពឺ៖ ក្រុមចោរជិះសុទ្ធតែរថយន្តស៊េរីទំនើប និងអ្នកបើកបររថយន្តកុងតឺន័រ សរុបចំនួន ១០នាក់ ត្រូវបាននគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ បញ្ជូនខ្លួនទៅកាន់តុលាការដើម្បីចាប់ការតាមផ្លូវច្បាប់។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ក្រុមចោរស៊េរីខ្ពស់ជិះសុទ្ធតែរថយន្ត និងអ្នកបើកបររថយន្តកុងតឺន័រត្រូវបាននគរបាលនគរបាលឃាត់ខ្លួន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ជាបន្តបន្ទាប់ រួមមាន៖ ទី១- ឈ្មោះ ធេង ស៊ីណា ភេទស្រី អាយុ ៤៤ឆ្នាំ នៅផ្ទះជួល ភូមិខោប សង្កាត់ច្បារមន ក្រុងច្បារមន ។ ទី២- ឈ្មោះ ខៀវ ខុំ ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិភ្នំដី សង្កាត់ច្បាមន ក្រុងច្បារមន ។ ទី៣- ឈ្មោះសុខ វណ្ណី ភេទប្រុស អាយុ ៣១ឆ្នាំ នៅផ្ទះជួល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។ 

លុះដល់ថ្ងៃទី១៦ ខែមករា នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបន្ថែមទៀត រួមមាន៖ ទី១- ឈ្មោះ ធី វិរ: ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិត្រពាំងថ្ម ឃុំសំរោងលើ ស្រុកអង្គស្នួល ដកហូត:រថយន្ត Camry ពណ៌ស ស្លាកលេខ ភ្នំពេញ 2AM-6546 ទូរសព្ទ OPPO ០១គ្រឿង ។ ទី២- ឈ្មោះ ម៉ុន វ៉ាន់ថេង ភេទប្រុស អាយុ ៣៨ឆ្នាំ នៅបន្ទប់ជួល ភូមិបឹងកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដកហូតទូរសព្ទដៃ ម៉ាក TECNO ០១គ្រឿង។ ទី៣- ឈ្មោះ ប៊ី សុខគង់ ភេទប្រុសអាយុ៤៥ឆ្នាំ នៅភូមិ.ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ដកហូតរថយន្ត PRIUS ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ 2BE-1014 ទូរសព្ទ ០២គ្រឿង ម៉ាក VIVO និង ម៉ាក OPPO ព្រមទាំងកាបូប ចំនួន ០៣បេ ។ ទី៤- ឈ្មោះ អ៊ុក ផានិត ភេទប្រុស អាយុ ២៥ឆ្នាំ នៅបន្ទប់ជួល ភូមិបឹងកៅ ឃុំបែកចាន ស្រុកអង្គស្នួល ដកហូតទូរសព្ទ  Iphone X ០១គ្រឿង។ ទី៥- ឈ្មោះ ទន់ ជាតិ ភេទប្រុស អាយុ ៣៣ឆ្នាំ នៅបន្ទប់ជួល ភូមិបឹងកៅ ឃុំបែកចាន ដកហូត: រថយន្ត PRIUS ស្លាកលេខ ភ្នំពេញ 2BC-5973 ទូរសព្ទ 0២គ្រឿង ម៉ាក SAMSONG កាបូប ៦បេ ម៉ូទ័រកាត់ដែក និងរ៉ូឡូភ្លើង។ ទី៦- ឈ្មោះ ឌី នាង ភេទប្រុស អាយុ ៤០ឆ្នាំ នៅផ្ទះជួល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ដកហូត: ទូរសព្ទ ម៉ាក OPPO និងទី៧- ឈ្មោះ មៀច សុធា ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិអន្លង់ថ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួច ។

  របាយការណ៍ប៉ូលិស បានឱ្យដឹងថា កាលពីថ្ងៃទី១៥ និង ទី១៦ ខែមករា ឆ្នាំ២០២៤ ក្រោយការដឹកនាំអង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការសម្របសម្រួលពីលោក ស៊ិន វិរ: ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមូយនគរបាលស្រុកសាមគ្គីមុនីជ័យ បំបែកសំណុំរឿង «ករណីកាត់កុងទីន័រ» លួចយកសំណទម្ងន់ ១៣,៥៥៥តោន ។

ក្នុងរបាយការណ៍រៀបរាប់ថា កាលពីថ្ងៃទី១៣ ខែមករា នៅវេលាម៉ោង ១៧និង០០នាទី សហគ្រាសស្លសំណអាគុយមួយកន្លែង នៅភូមិពាំងល្វា ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានជួលរថយន្ត ម៉ាក Hyundai ពណ៍ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-2400 របស់ក្រុមហ៊ុន «អូរឡែរ» នៅជម្ពូរវ័ន ដឹកសំណទម្ងន់ ២៦.៣៤១តោន ចេញពីស្រុកសាមគ្គីមានជ័យទៅកំពុងផែខេត្តព្រះសីហនុ ដែលមានអ្នកបើកបរឈ្មោះ ធី វិរ: ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិត្រពាំងថ្ម សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។ លុះនៅថ្ងៃទី១៤មក នៅវេលាម៉ោង ១៣និង៣០នាទី មានឈ្មោះ ស៊ិន ប៊ុនធឿន ភេទប្រុសអាយុ ៤២ឆ្នាំ នៅភូមិត្រពាំងដំរី ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងកម្មករ ០២នាក់ទៀត បានដឹកសំណដែលស្លរួចតាមរថយន្ត ចំនួន ០២គ្រឿង ទម្ងន់ ១៣,៥៥៥តោន មកលក់ឲសហគ្រាស ក្រោយពិនិត្យសំណជារបស់ សហគ្រាស ដែលដឹកទៅខេត្តព្រះសីហនុ ហើយបានសួរទៅក្រុមហ៊ុនដឹកជញ្ជូន ទើបដឹងថា សំណនេះ ត្រូវបានក្រុមចោរ និងអ្នកបើកបរ រួមគំនិតគ្នាកាត់កុងទីន័រយកតាមផ្លូវពេលដឹកទៅខេត្តព្រះសីហនុ ។

   តាមការស្រាវជ្រាវរបស់ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌ កន្លែងកាត់កុងទីន័រយកសំណ ស្ថិតនៅក្នុងទីតាំងបន្ទាយយោធា ACO ផ្លូវជាតិលេខ ៤ ស្ថិតភូមិអន្លង់ថ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួច ដែលបានប្រព្រឹត្តនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៩និង២០នាទី បន្ទាប់ទទួលបណ្តឹងពីឈ្មោះ ស៊ីធូ តាំងវែង ភេទប្រុស អាយុ ៣៨ឆ្នាំ តំណាងក្រុមហ៊ុននគរបាលស្រុកសាមគ្គីមុនីជ័យបានហៅអ្នកយកសំណមកសាកសួរ និងបានប្រគល់សំណទម្ងន់ ១៣,៥៥៥តោនមកឲនគរបាលស្រុកសាមគ្គីមុនីជ័យ រក្សាទុកបន្តស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញាឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់ សរុបចំនួន ១០នាក់តែម្តង។

ជនសង្ស័យទាំង ១០នាក់ និងវត្ថុតាង បានកសាងសំណុំរឿងទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធីច្បាប់៕