2023-10-27 09:10
324

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ បានចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១៣០គ្រួសារ រស់នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងឱកាសសំណេះសំណាលនេះ លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែគិតគូរដល់សុខទុក្ខរបស់ប្រជារាស្ដ្រគ្រប់រូប ជាពិសេសអ្នកងាយរងគ្រោះជាងគេបំផុត ដើម្បីផ្ដល់ការជួយសង្គ្រោះទាល់ពេលវេលា និងយ៉ាងឆាប់រហ័ស ដោយមិនទុកឱ្យកូនចៅណាម្នាក់ចោលនោះឡើយ។

លោកស្រីបន្ដថា ក្នុងរដូវវស្សានេះដែរតែងតែកើតមាននូវគ្រោះទឹកជំនន់ ដូច្នេះដើម្បីឆ្លើយតប គឺកាកបាទក្រហមកម្ពុជាទាំងស្នាក់ការកណ្ដាល និងសាខាកាកបាទក្រហមកម្ពុជារាជធានី-ខេត្ដ បានចេញសកម្មភាពជួយសង្គ្រោះ តាមរយៈការផ្ដល់អំណោយសម្រាលការលំបាក ការអប់រំផ្សព្វផ្សាយពីសុខភាព ដើម្បីចៀងវាងគ្រោះថ្នាក់ណាមួយកើតឡើងក្នុងកំឡុងពេលទឹកជំនន់ និងក្រោយទឹកស្រកជាដើម។

លោកស្រី ម៉ែន នារីសោភ័គ បានគូសរម្លឹកថា «ជាក់ស្ដែងនៅក្នុងខែតុលា ឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជាបានផ្ដល់អំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង សរុប ៧,៥១៦គ្រួសារ ក្នុងនោះ ថ្នាក់កណ្ដាល ចំនួន ៦,២១០គ្រួសារ និងសាខា ចំនួន ១,៣០៦គ្រួសារ ដោយនៅតាមបណ្តារាជធានី-ខេត្តចំនួន ៩ រួមមាន៖ រាជធានីភ្នំពេញ, ខេត្តពោធិ៍សាត់, កំពង់ស្ពឺ, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កណ្តាល, ព្រះវិហារ និងខេត្តតាកែវ»។

លោកស្រីបន្ថែមថានៅក្នុងការឆ្លើយតបបន្ទាន់របស់កាកបាទក្រហមកម្ពុជា គឺផ្ដោតទៅលើគ្រួសាររស់នៅលើទីទួលមានសុវត្ថិភាព និងទីកន្លែងដែលងាយរងគ្រោះបំផុតដោយទឹកជំនន់ហើយកាកបាទក្រហមកម្ពុជា គឺនៅតែបន្ដតៀមជួយប្រជាពលរដ្ឋយើងទាំងនៅក្នុងការឆ្លើយតប ការស្ដារឡើងវិញក្រោមទឹកជំនន់ ដោយមិនផ្អែកតែលើស្បៀងមួយមុខនោះទេ គឺផ្អែកទៅលើសុខភាពប្រជាពលរដ្ឋ ជីវភាព និងលើហេដ្ឋារចនាសម្ព័ន្ធផងដែរ។

តែសម្រាប់នៅក្នុងឱកាសទឹកជំនន់នេះ លោកស្រីបានពាំនាំនូវប្រសាសន៍របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអំពាវនាវដល់ប្រជាពលរដ្ឋ ពីការគិតគូរពីសុខភាពទាំងនៅក្នុងពេលមានទឹកជំនន់ និងទឹកស្រកទៅវិញ ដោយឱ្យពលរដ្ឋយើងប្រុងប្រយ័ត្នខ្ពស់ពិសេសសម្រាប់ក្មេងតូចៗ ស្ដ្រីវ័យចំណាស់ និងស្ដ្រីមានផ្ទៃពោះ ពីការលិចលង់ទឹកគ្រោះថ្នាក់ជីវិត ប្រុងប្រយ័ត្នចំពោះ សត្វអសិរពិសផ្សេងៗ ឬសត្វពស់ចឹក ការបរិភោគចំណីអាហារ ទឹកស្អាតដែលដាំឆ្អិន និងមានអនាម័យ ព្រមទាំងជំងឺផ្សេងៗដូចជាគ្រុនឈាម គ្រុនឈីក ជំងឺភ្នែកក្រហម រួមទាំងជំងឺឆ្លង មិនឆ្លងផ្សេងទៀត។

ក្នុងឱកាសសំណេះសំណាល និងផ្ដល់អំណោយនេះ ប្រជាពលរដ្ឋងរងគ្រោះខាងលើនេះបានបង្ហាញនូវការសប្បាយចិត្ដយ៉ាងខ្លាំង ដែលទទួលបានការយកចិត្ដទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ ពិសេសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមិនភ្លេច និងខ្វះខ្វាយពីសុខទុក្ខរបស់ប្រជាជន គ្រប់កាលៈទេសៈ មិនថាតែពេលទឹកជំនន់នេះទេ។

សូមជម្រាបថាសម្រាប់គ្រួសាររងគ្រោះនីមួយៗខាងលើនេះ បានទទួលនូវអំណោយមនុស្សធម៌ដូចជា៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់។ ដោយឡែក ទឹកត្រី ៦ដប, ទឹកបរិសុទ្ធ ១កេស និងថវិកា ៣ម៉ឺនរៀល ជាអំណោយរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ៕