2023-06-11 10:06
623

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ៧០។ 

កងពលតូចលេខ៧០ បានកើតចេញពីវរសេនាតូចលេខ៧១ ក្រោយមកកែសម្រួលទៅជាវរសេនាធំលេខ៧០ ដែលមានភារកិច្ច ការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិ គោលដៅសំខាន់ៗ និងការពារក្បួនដឹកសម្ភារៈរបស់ក្រសួងការពារជាតិ ហើយក៏ជាតម្រួតយោធា ដែលមានតួនាទីត្រួតពិនិត្យរាល់វិន័យសណ្តាប់ធ្នាប់របស់យោធិន និងសហការជាមួយកម្លាំងមានសមត្ថកិច្ច ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម នៅក្នុងទីក្រុងភ្នំពេញ។ 

ដោយឆ្លងកាត់បទពិសោធន៍ និងស្នាដៃដែលសម្រេចបាន វរសេនាធំលេខ៧០ ត្រូវបានកែសម្រួលជាកងពលតូចថ្មើរជើងលេខ៧០ ស្ថិតក្រោមបញ្ជាផ្ទាល់របស់អគ្គសេនាធិការ តាមអនុក្រិត្យលេខ៥១ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ 

កងពលតូចថ្មើរជើងលេខ៧០ ត្រូវបានផ្ទេរក្របខណ្ឌពីអគ្គបញ្ជាការដ្ឋាន មកក្រោមចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក តាមប្រកាសលេខ ២៥៤ក.រ/៩១៨ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងការពារជាតិ ដើម្បីចាប់ផ្តើមកំណែទម្រង់កងយោធពលខេមរភូមិន្ទ ហើយបានកែសម្រួលឈ្មោះពីកងពលតូចថ្មើរជើងលេខ៧០ មកកងពលតូចលេខ៧០ តាមប្រកាសលេខ ៥៤២ម.ឈ/០៥១៩ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ។ 

អំពីសមិទ្ធផលដែលដាក់សម្ពោធឲ្យប្រើប្រាស់ដែលជាចំណងដៃដ៏ថ្លែថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ជូនដល់កងពលតូចលេខ៧០ ដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃស្អែកនេះមានដូចតទៅ៖ 

១-អគារន្ទីរពេទ្យមរតកតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចោមចៅមានទំហំ១៥.១០ម៉ែត្រ x ៤៣.៨០ម៉ែត្រ នឹង ជម្រៅ២៣.៥០ម៉ែត្រ មានរាងជាអក្សរ (L) កម្ពស់០៤ជាន់ ដែលតាមជាន់នីមួយៗមានដូចខាងក្រោម៖ 

- ជាន់ផ្ទាល់ដីមានផ្នែកសង្គ្រោះបន្ទាន់ ផ្នែកពិនិត្យជំងឺទូទៅ បន្ទប់ពិសោធន៍ បន្ទប់អេកូ និងបន្ទប់ឆ្លុះ X-Ray។ 

- ជាន់ទី១ មានបន្ទប់សំរាកព្យាបាល ចំនួន១១បន្ទប់ និងបន្ទប់ផ្ទុកសម្ភារៈពេទ្យនិងឪសថមាន ចំនួន០២បន្ទប់ សរុប ១៣បន្ទប់។ 

- ជាន់ទី២ មានបន្ទប់សំរាកព្យាបាល ចំនួន០៨បន្ទប់ បន្ទប់វះកាត់ ចំនួន០១បន្ទប់ បន្ទប់សន្តំមាន ចំនួន០១បន្ទប់ សរុប១០បន្ទប់។ 

- ជាន់ទី៣ មានបន្ទប់សំរាកព្យាបាលជំងឺចំនួន០៦បន្ទប់ ក្នុងនោះបន្ទប់ VVIP ចំនួន០១បន្ទប់ និងបន្ទប់ VIP ចំនួន០៥បន្ទប់ 

២- អគារស្នាក់នៅទ័ពពិសេស សាលប្រជុំ ចំណតរថក្រោះ ចំណតឡាន មានទំហំ១៩ម៉ែត្រ គុណ ៧១.៥០ម៉ែត្រ កម្ពស់ ០៤ជាន់ ដែលជាន់ផ្ទាល់ដីជាចំណតរថក្រោះ ,ជាន់ទី១ ជាចំណតរថយន្ត, ជាន់ទី២ ជាបន្ទប់ស្នាក់នៅសម្រាប់កងទ័ពពិសេស, ជាន់ទី៣ ជាសាលប្រជុំធំ ដែលមានបំពាក់ផ្ទាំង LED និងប្រព័ន្ធសម្លេងទំនើប។ 

៣- អគារប្រពៃណីកងពលតូចលេខ៧០ មានទំហំ ១២,៦ម៉ែត្រ x ៤៥ម៉ែត្រ មាន១ជាន់ផ្ទាល់ដី ដែលមានតាំងបង្ហាញប្រវត្តិ និងស្នាដៃរួមរបស់កងពលតូចលេខ៧០។ 

៤- អគារស្នាក់នៅទ័ពនារី មានទំហំ ១៤ម៉ែត្រ x ៤៦ម៉ែត្រ កម្ពស់ ៣ជាន់ ស្មើនិងចំនួន ២០បន្ទប់។ 

សូមបញ្ជាក់ថា គេហទំព័រ Facebook , បណ្តាញ Telegram និង YouTube សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់ (Live) ពិធីនេះ នៅម៉ោង ៨ ព្រឹកផងដែរ៕