2023-10-04 05:10
265

(បាត់ដំបង)៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានបើកវគ្គផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់អ្នកបើកម៉ូតូឌុប និងរ៉ឺម៉កកង់បីចំនួន១២០នាក់ក្នុងឱកាសមុនពិធីបុណ្យជាតិ គឺបុណ្យភ្ជំបិណ្ឌប្រពៃណីជាតិនៅក្រុងបាត់ដំបង។

លោក ព្រួញ រិទ្ធថា បានបញ្ជាក់ថា យោងតាមការណែនាំរបស់លោក សុខ លូ អភិបាលខេត្ត ជាប្រធានប្រគណៈកម្មាធិការសុវត្តិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង និងជិតដល់ថ្ងៃបុណ្យភ្ជំបិណ្ឌប្រពៃណីជាតិជូនដល់អ្នកបើកបរទាំងអស់ គឺជាអ្នករត់ម៉ូតូកង់បី និងម៉ូតូឌុប ព្រមទាំងបានណែនាំឲ្យពួកគាត់ជួយផ្សព្វផ្សាយបន្តជូនដល់ប្រជាពលរដ្ឋពេលធ្វើដំណើរ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំថ្ងៃ។

លោកបានបន្តថា ឱកាសថ្ងៃបុណ្យភ្ជំបិណ្ឌប្រពៃណីជាតិឆ្នាំនេះផងដែរ មន្ទីរជំនាញនិងមន្រ្តីក្រោមឱវាទទាំងអស់បានខិតខំយកចិត្តទុកដាក់លើការងារផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់ពួកគាត់ទទួលបានចំណេះដឆងទូទៅ ពិសេសបានស្គាល់ស្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវ និងទទួលបានការគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា
ព្រមទាំងជួយផ្សព្វផ្សាយបន្តដល់អ្នកជិះបានយល់ច្បាប់ផងដែរ។

លោកប្រធានបានផ្តាំផ្ញើដល់អ្នកបានរៀនច្បាប់ចរាចរណ៍នាពេលនេះ យកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេសបង្រៀនរយ:ពេល១ថ្ងៃពេញនេះ ដើម្បីទទួលប្រយោជន៍ ដូចជា៖
១. បានយលច្បាស់ខ្លួនឯងជាមូលដ្ឋានសម្រាប់យកទៅប្រកបអាជីវកម្មងាយស្រួល កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានច្រើនជាងមុន។
២. ដើម្បីជាមូលដ្ឋានសម្រាប់ប្រលងយកប័ណ្ណបើកបរ ទុកប្រើប្រាស់ជាផ្លូវការតាមរៀងៗខ្លួន។ ព្រមទាំងបានចែកស្ទីកឃ័រចំណាំងផ្លាតលើម៉ូតូ ម៉ូតូកង់បី និងបានចែកជូនសម្ភារចរាចរណ៍មួយចំនួនមានដូចជា៖
* សៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក
* សៀវភៅ អ្វីដែលអ្នកបើកបទោចក្រយានយន្តត្រូវដឹង
* ឯកសារជំនួយស្មារតី ច្បាប់ចរាចរណ៍ផ្លូវគោក ប្រការសំខាន់ៗដែលអ្នកបើកបរត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវថ្នល់។

លោក ព្រួញ រិទ្ធថា បានអំពាវនាវដល់ប្រជាពលរដ្ឋសូមនាំគ្នាគោរពច្បាប់ចរាចរណ៍ ដូចជាគោរពខ្លួនឯង នាំមកនូវសុខសុវត្ថិភាព ពេលធ្វើដំណើរតាមដងផ្លូវ ដើម្បីកាត់បន្ថយអាត្រាស្លាប់ និងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ «នាំគ្នាគោរពច្បាប់ជាចំបង» ព្រមទាំងជូនពរដល់អស់លោកទាំងអស់គ្នាដែលមករៀនច្បាប់ថ្ងៃនេះ សូមទទួលបានជោគជ័យប្រកបដោយសុវត្តិភាពជាចំបង៕