2023-10-04 02:10
272

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០២៣នេះ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានចាត់ឱ្យ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា ជាតំណាងដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពជនរងគ្រោះដោយសារលង់ទឹកចំនួន៣គ្រួសារ ដែលហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១៧:០០នាទីល្ងាចថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០២៣ នៅក្នុងស្រះចិញ្ចឹមត្រី ចំណុចផ្លូវបេតុង ភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។ ជនរងគ្រោះទាំង៣មានឈ្មោះរួមមាន៖
១. ឈ្មោះ ជូ គីនីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។
២. ឈ្មោះ ជូ តារា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌ ព្រែកព្នៅ ។ 
៣. ឈ្មោះ ចំរ៉ុង សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ លោកនាយកប្រតិបត្តិសាខា បានពាំនាំនូវការសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខពី លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះហេតុការណ៍ដ៏អកុសល ដែលបណ្តាលឱ្យបាត់បង់ជីវិតជនរងគ្រោះរហូតដល់ទៅ៣នាក់ ។ លោកក៏សូមឱ្យក្រុមគ្រួសារនៃសពទាំងអស់ មេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ត្រូវពង្រឹងស្មារតីឡើងវិញ គិតគូរពីកូនចៅដែលនៅរស់ និងបន្តខិតខំប្រឹងប្រែងប្រកបរបររកទទួលទាន ដើម្បីចិញ្ចឹមជីវិតជាបន្តទៀត ព្រមទាំងសូមឧទ្ទិសបួងសួងចំពោះវិញ្ញាណក្ខន្ធសពជនរងគ្រោះទាំងអស់ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ 

អំណោយមនុស្សធម៌ដែលនាំយកមកផ្តល់ជូន ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករសុខភាព ទឹកបរិសុទ្ធឱរ៉ាល់ សម្ភារៈប្រើប្រាស់មួយចំនួនធំ និងថវិកាចំនួន១លានរៀល ៕