2023-12-19 12:12
117

ព្រះសីហនុ៖         ទីតាំងបើកកាស៊ីណូមួយកន្លែង យីហោ  «លីងហាង Casino នឹង Resort» កំពុងបើកចំហឱ្យប្រជាពលរដ្ឋខ្មែរចេញ-ចូលលេងយ៉ាងគគ្រឹកគគ្រឹកគគ្រេងដោយគ្មានការហាមឃាត់ផ្ទុយពីសេចក្តីណែនាំរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ខណៈលោកអធិការនគរបាលព្រះសីហនុអះអាងថា «យើងពិកបាកក្នុងការហាមឃាត់គេណាស់ ព្រោះគេមានច្បាប់អនុញ្ញាតត្រឹមត្រូវ ទាល់តែខាង គ.ល.ក.ទើបមានសិទ្ធ»។

ក្រុមការងារអង្គភាព msj tv ប្រចាំខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងថា ទីតាំងបើកល្បែងស៊ីសង មានដូចជា ហ្គេមបាញ់ត្រី ស្លុតម៉ាស៊ីន រ៉ូឡែត ….ដែលមានយីហោ «លីងហាង Casino នឹង Resort» ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៣០០ ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កំពុងបើកដំណើរការឱ្យពលរដ្ឋខ្មែរចេញ-ចូលលេងយ៉ាងសប្បាយ ២៤ម៉ោង ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធគ្មានវិធានការទប់ស្កាត់ឡើយ។

លោកវសេនីយ៍ត្រី សំ ប្រាក់ មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ បានប្រាប់ឱ្យដឹងកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ នេះថា «ទាក់នឹងបញ្ហាកាស៊ីណូ គឺលោកមិនដឹងទេ សូមទាក់ទងទៅខាងក្រុងវិញ»។

លោកវរសេនីយ៍ឯក តី វិសាល អធិការក្រុងព្រះសីហនុ បានឲ្យដឹងនៅពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៩និង០០ព្រឹក នេះថា «លោកពិបាកនឹងហាមឃាត់គេណាស់ ព្រោះកន្លែងហ្នឹងគេអាជ្ញាប័ណ្ណត្រឹមត្រូវ បើយើងចូលទៅ……..អាហ្នឹងទាល់តែគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា»។ លោកអធិការនគរបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា «ចាំលោកឱ្យកម្លាំងចុះពីពិនិត្យមើលទីតាំងនោះ»។

សេចក្តីណែនាំរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា លេខ០១៣/២៣ អ.គ.ល.ក. សណន ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣  ច្បាប់ស្តីពី ការរឹតត្បឹតពីការលេងល្បែងក្នុងកាស៊ីណូនៅព្រះរាជាណាចក្រកម្ពុជា ដោយអនុឡោមតាមមាត្រា ៦៨ នៃច្បាប់ស្តីពីការ គ្រប់គ្រងល្បែងពាណិជ្ជកម្ម បានចែងថាៈ «ការចូលលេងល្បែងនៅក្នុងកាស៊ីណូ ឬគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ត្រូវហាមឃាត់ដាច់ខាតចំពោះបុគ្គល ដូចតទៅ៖ ១៖ បុគ្គលដែលត្រូវបានចាត់ទុកថាមានវិបត្តិស្មារតី អសមត្ថភាពហិរញ្ញវត្ថុ ឬប្រកាសក្ស័យធនដោយតុលាការ។ ២៖ បុគ្គលដែលស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឬថ្នាំញៀន។ ៣៖ បុគ្គលដែលយកមកជាមួយនូវអាវុធគ្រប់ប្រភេទ។ ៤៖ បុគ្គលដែលមានអាយុក្រោម ១៨ឆ្នាំ និង ៥៖ ប្រជាពលរដ្ឋខ្មែរទូទៅ ដោយរួមទាំងកងកម្លាំងប្រដាប់អាវុធ អ្នករាជការសាធារណៈ និងពលរដ្ឋទទួលអាណត្តិដោយការបោះឆ្នោត»។ 

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ក៏បានបញ្ជាក់បន្ថែមថា «ការចូលលេងល្បែងនៅក្នុងកាស៊ីណូ ឬគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ត្រូវបានហាមឃាត់ចំពោះកម្មករ និយោជិតរបស់ប្រតិបត្តិករកាស៊ីណូ ឬប្រតិបត្តិករល្បែងពាណិជ្ជកម្ម នៃគ្រឹះស្ថានល្បែងពាណិជ្ជកម្មដែលពួកគេកំពុងបម្រើការនៅទីនោះផងដែរ»។

ជុំវិញករណីទីតាំងបើកល្បែងស៊ីសងប្រភេទកាស៊ីណូ «លីងហាង Casino នឹង Resort» មហាជនរងចាំមើលថា គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ចុះត្រួតពិនិត្យ និងមានវិធានការលើម្ចាស់ទីតាំងកាស៊ីណូដែរឬយ៉ាងណា? ដែលកំពុងធ្វើសកម្មភាពល្មើសនឹងសេចក្តីជួនដំណឹងរបស់គណៈកម្មការជំនាញល្បែងពាណិជ្ជកម្ម៕