2024-03-27 01:03
38

ខេត្តកំពតៈ កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ត្រី មន្ទីរអង្គភាពជំនាញ ចុះពិនិត្យនិងបើកការដ្ឋានស្ថាបនាផ្លូវប្របមាត់ព្រែកកំពង់បាយចាប់ពីស្ពានថ្មី(ស្ពានកំពង់បាយ) រហូតដល់ស្ពានចាស់(ស្ពានឥន្ទធនូ) ដែលផ្លូវនេះមានប្រវែងប្រមាណជាង ៧០០ម៉ែត្រ។

ក្នុងដំណើរចុះពិនិត្យ និងបើកការដ្ឋានស្ថាបនាផ្លូវនេះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ផ្លូវនេះគឺធ្វើបត់បែនទៅតាមទម្រង់នៃសួនកម្សាន្ត មានទំហំទទឹងពីរផ្សេងគ្នា ក្នុងនោះផ្លូវទទឹង ៩ម៉ែត្រ មានប្រវែង ៧២៩ម៉ែត្រ និងផ្លូវទទឹង ១២ម៉ែត្រ មានប្រវែង ២១ម៉ែត្រ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ប្រជាពលរដ្ឋដែលរស់នៅជាប់នឹងព្រែកកំពង់បាយដែលបានសាងសង់សំណង់ចូលក្នុងដីចំណីព្រែកដែលជាដីសាធារណៈរបស់រដ្ឋ ចូលរួមសហការរុះរើចេញនិងចូលរួមសហការជាមួយក្រុមការងារជំនាញដើម្បីស្ថាបនាផ្លូវនេះឱ្យបានរួចរាល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។                        
                 
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញដល់អាជ្ញាធរក្រុងកំពត រួមនឹងមន្ទីរជំនាញពាក់ព័ន្ធត្រូវសិក្សាលំអិតអំពីមធ្យោបាយក្នុងការបញ្ជូនកាកសំណល់រាវដែលហូរចេញពីក្រុងកំពត ធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ទឹកក្នុងព្រែកកំពង់បាយ ដែលទឹកនេះគឺជាទឹកស្អាត  មានប្រភពមកពីតំបន់ទំនប់វារីអគ្គិសនីកំចាយ ហើយអាចឱ្យភ្ញៀវទេសចរងូតលេងកម្សាន្តផងដែរ ៕