2023-06-23 01:06
283

 

កំពង់ឆ្នាំង៖ រថយន្តដឹកសព ម៉ាកហាន់ដាយ ស្តារិច ០១មួយគ្រឿង បានផ្ទុះកង់ក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ចូលប្រឡាយទឹកបណ្តាលឲ្យតៃកុង និងរួមដំណើរជាមសពរងរបួស ចំនួន ០៣នាក់។


ហេតុការណ៍ដ៏អាក្រក់ក្រឡាប់រថយន្តដឹកសពនេះ បានកើតឡើង នៅវេលាម៉ោង ១៦និង៤០នាទីល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតលើផ្លូវជាតិលេខ៥ នៅចន្លោះគីឡូម៉ែត្រលេខ (១២០-១២១) ក្នុងភូមិកណ្ដាល ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
តាមរបាយការណ៍នគរបាល បានឱ្យដឹងថា រថយន្តមួយគ្រឿង ម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BB-5204 បានដឹកសពបុរសម្នាក់ ត្រឡប់មកពីទៅព្យាបាលជំងឺនៅប្រទេសថៃ និងបានស្លាប់ហើយត្រូវបានក្រុមគ្រួសារដឹកសពពីប្រទេសថៃមកស្រុកខ្មែរវិញ ដល់ក្រុងប៉ោយប៉ែតបានដឹកបន្តឆ្ពោះមកគេហដ្ឋានទៅទីក្រុងភ្នំពេញ ដើម្បីរៀបចំបុណ្យសព ដោយមានអ្នកធ្វើដំណើរ សរុបចំនួន ០៥នាក់ បូកទាំងសព ០៦នាក់ លុះធ្វើដំណើរមកដល់ចំណុចគ្រោះថ្នាក់ ស្រាប់តែកងរថយន្តទាំងមុខ និងក្រោយផ្នែកខាងស្ដាំផ្ទុះដំណាលគ្នាបណ្តាលឲ្យចង្កូតធ្លាក់ពីលើផ្លូវក្រឡាប់ចូលទឹកប្រឡាយតែម្តង។
ក្រោយពេកកើតហេតុសមត្ថកិច្ច បានចុះទៅដល់ កន្លែងកើតហេតុ និងបានឲ្យម្ចាស់រថយន្តជួលរថយន្តស្ទូចមកស្ទូចរថយន្តឡើងគោកវិញ។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យស្រុកបរិបូរណ៍។
ករណីគ្រោះថ្នាក់ខាងលើនេះតាមអបិយជំនឿគេជឿថា "ប្រហែលជាការដឹកសពខាងលើនេះគ្មានអាចារ្យ ឬមិនបានដុតធូបហៅព្រលឹងសពឱ្យធ្វើដំណើរជាមួយទៅលំនៅឋានវិញ ទើបមានហេតុការណ៍មិនល្អដូចខាងលើនេះ ដែលនេះគ្រាន់តែជាអបិយជំនឿក្រៅផ្លូវការតែប៉ុណ្ណោះ"៕