2024-01-12 03:01
103

ភ្នំពេញ៖ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងចូលរួមលើកកម្ពស់អភិបាលកិច្ចល្អ និងនីតិរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា ការពារផលប្រយោជន៍សាធារណៈ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ជាមួយអាជ្ញាធរសាធារណៈ ក្រសួងមហាផ្ទៃ បានធ្វើការរំលឹកសារជាថ្មី ចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវបំពេញកាតព្វកិច្ច ចំនួន ៤ បានកំណត់ដោយច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។​

យោងតាម ស.ជ.ណ. របស់ក្រសួងមហាផ្ទៃ ដែលបណ្តាញសារព័ត៌មាន MSJ TV ទទួលបាននៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា៖ កន្លងមក រាជរដ្ឋាភិបាលកម្ពុជាតែងតែ ប្រកាន់ខ្ជាប់នូវការលើកស្ទួយសិទ្ធិសេរីភាពក្នុងការបង្កើត និងការធ្វើសកម្មភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលរហូតមកដល់បច្ចុប្បន្នមាន ចំនួន ៦ ២៧៩ ក្នុងនោះ សមាគមមាន ចំនួន ២ ៧៤៧ និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ៣ ៥៣២ ត្រូវបានចុះបញ្ជី និងតម្កល់លក្ខន្តិកៈនៅក្រសួងមហាផ្ទៃ ហើយអាចធ្វើសកម្មភាពដោយសេរីស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។ 

ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា វត្តមាននៃសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ បានធ្វើសកម្មភាពលើវិស័យជាច្រើន នៅទូទាំងប្រទេស ក្នុងនោះ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបានបំពេញកាតព្វកិច្ចបានខ្ជាប់ខ្ជួន និងមួយចំនួនទៀត មិនបានបំពេញកាតព្វកិច្ចស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាននៅឡើយ ទោះបីក្រសួងមហាផ្ទៃធ្លាប់បានដាក់ចេញនូវសេចក្តីជូនដំណឹងអំពីការបំពេញកាតព្វកិច្ច ចំពោះសមាគមនិងអង្គការមិនមែន រដ្ឋាភិបាលក្នុងស្រុកចំនួនពីរលើករួចមកហើយក៏ដោយ។

ក្រសួងមហាផ្ទៃសូមធ្វើការរំលឹកសារជាថ្មី ចំពោះសមាគម និងអង្គការមិនមែនរដ្ឋា ភិបាលក្នុងស្រុកត្រូវបំពេញកាតព្វកិច្ច ដូចខាងក្រោម៖
១- សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មានរាល់គណនី ដែលត្រូវបើកសម្រាប់កិច្ចប្រតិបត្តិការរបស់ខ្លួននៅធនាគារក្នុងព្រះរាជាណាចក្រកម្ពុជា មកក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងរយៈពេលយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ គិតចាប់ពី ថ្ងៃចុះបញ្ជី។ ចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលខកខានក្នុងការជូនដំណឹងនាពេលកន្លងមក ត្រូវជូនដំណឹងមកក្រសួងមហាផ្ទៃ ឱ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤ ជាកំហិត។

២- សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមក ក្រសួងមហាផ្ទៃ ក្នុងករណីមានការធ្វើវិសោធនកម្មលក្ខន្តិកៈ ឬការផ្លាស់ប្តូរទីស្នាក់ការ ឬការផ្លាស់ប្តូរតំណែងប្រធាន ឬតំណែងនាយកប្រតិបត្តិ ឬការប្រែប្រួលព័ត៌មានគណនីធនាគារ ក្នុងរយៈពេលយ៉ាងយូរ ១៥ (ដប់ប្រាំ) ថ្ងៃ គិតចាប់ពីថ្ងៃដែលផ្លាស់ប្តូរ ឬប្រែប្រួល ដោយភ្ជាប់មកជាមួយនូវសំណុំលិខិតដែលបានផ្លាស់ប្តូរ។

៣- អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវផ្ញើមកក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នូវរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំមួយច្បាប់។ ក្នុងករណី ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុពីម្ចាស់ជំនួយ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនោះ ត្រូវផ្ញើរបាយការណ៍ខាងលើ ដោយចម្លងចេញពីឯកសារដើមដែលផ្ញើទៅម្ចាស់ជំនួយ ក្នុងអំឡុងពេល ៣០ (សាមសិប)ថ្ងៃ គិតចាប់ពីថ្ងៃផ្ញើទៅម្ចាស់ជំនួយព្រមទាំងឯកសារគម្រោងកម្មវិធីការងារ និងកិច្ចព្រមព្រៀងហិរញ្ញប្បទាន១ (មួយ) ច្បាប់ ដែលម្ចាស់ជំនួយបានយល់ព្រម ដោយចម្លងពីឯកសារដើមឱ្យបានក្នុងអំឡុងពេល ៣០ (សាមសិប)ថ្ងៃ គិតចាប់ពីថ្ងៃម្ចាស់ជំនួយបានឯកភាពយល់ព្រម។ 

ចំពោះរបាយការណ៍នេះ តម្កល់ទុកនៅទីស្នាក់ការរបស់ខ្លួនរយៈពេល យ៉ាងតិច ៥(ប្រាំ)ឆ្នាំ។ ចំពោះ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលខកខានក្នុងការផ្ញើរបាយការណ៍ នាបណ្តាឆ្នាំកន្លងមក និងរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ ត្រូវផ្ញើមកក្រសួងមហាផ្ទៃ ឱ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤ ជាកំហិត។

៤- សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មិនត្រូវធ្វើសកម្មភាពទាំងឡាយណាដែលផ្ទុយនឹងលក្ខន្តិកៈដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ ក្រសួងមហាផ្ទៃ សង្ឃឹមនិងជឿជាក់ថា សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែល បានតម្កល់សំណុំលិខិត និងបានចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃ ត្រូវសហការចូលរួមអនុវត្តតាមសេចក្តី ជូនដំណឹងនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងស្មារតីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ពង្រឹងនីតិរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងករណី សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកណា មិនបានអនុវត្ត តាមសេចក្តីជូនដំណឹងនេះ ក្រសួងមហាផ្ទៃនឹងអនុវត្តវិធានការស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាធរមាន៕