2023-08-11 02:08
289

ភ្នំពេញ៖ ក្រុមហ៊ុន មហារដ្ឋា ត្រេឌីង ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តម្រូវឲ្យត្រូវបង់ប្រាក់ផាកពិន័យ សរុបចំនួន ៣ ២៣៧ ៨៥០,៦៦ដុល្លារដោយសារបរិមាណអាចម៍ដីជីកល្មើស ១ ០៣១ ១៦២,៦៣ ម៉ែត្រត្រីគុណ។

 ការពិន័យនេះ ក្រោយពីរណ្ដៅដីរបស់ឈ្មោះ អ៊ុក រដ្ឋា មិនបានបំពេញកាតព្វកិច្ចបង់ពន្ធចំណូលជូនរដ្ឋ ក្នុងការធ្វើអាជីវកម្មជីកយកអាចម៍ដី ដោយអាជ្ញាបណ្ណធនធានរ៉ែផុតសុពលភាព ស្ថិតក្នុងភូមិពុកឫស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ 

 លោកប្រធានក្រុមហ៊ុន ឱ្យបានជ្រាបថា ផ្អែកតាមលទ្ធផលការវាស់វែង ការគណនាបរិមាណអាចម៍ដី ដោយក្រុមអ្នកបច្ចេកទេសវាស់វែងឯករាជ្យ និងផ្អែកតាមស្មារតីនៃកិច្ចប្រជុំអន្តរ ក្រសួង-ស្ថាប័ន កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ និងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងអាជីវកម្មជីកយកអាចម៍ដី ដោយអាជ្ញាបណ្ណធនធានរ៉ែផុតសុពលភាព ស្ថិតនៅក្នុងភូមិពុកប្ញស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល។ 

 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទុកពេលឲ្យ ៣០ថ្ងៃ ហើយបើមានការយឺតយ៉ាវត្រូវរងការពិន័យ២ភាគរយ នៃទឹកប្រាក់ដែលជំពាក់ជារៀងរាល់ខែ ប្រសិនបើក្រុមហ៊ុនមិនអនុវត្តតាម នឹងត្រូវបង្កកគណនីក្រុមហ៊ុននៅគ្រប់ធនាគារទាំងអស់ ហាមឃាត់ការនាំចេញនាំចូល បង្កការផ្ទេរកម្មសិទ្ធិ ការធ្វើអំណោយផ្ទេរមរតកហាមឃាត់ការចូលរួមដេញថ្លៃ ផ្អាកការផ្តល់ការអនុញ្ញាតវិនិយោគ ផ្អាកការសាងសង់ ហើយវិធីចុងក្រោយ គឺប្តឹងទៅតុលាការ៕