2023-09-29 11:09
218

កំពង់ធំ៖ ក្រោមការយកចិត្តទុកដាក់របស់សភាពាណិជ្ជកម្មកម្ពុជា និងដោយបានកិច្ចសហការជាមួយភាគីពាក់ព័ន្ធសិក្ខាសាលាថ្នាក់ជាតិមួយ ដែលនិយាយអំពីការយល់ដឹងពីការធ្វើធុរកិច្ច ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកច្បាប់ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ សភាពាណិជ្ជកម្មខេត្តកំពង់ធំ រៀបចំសិក្ខាសាលាស្ដីពី ការយល់ដឹងពីការធ្វើធុរកិច្ច ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកច្បាប់ក្នុងគោលបំណងបញ្ច្រាប់ការយល់ដឹងឲ្យកាន់តែទូលំទូលាយជូនដល់សមាជិក សមាជិការ ក្នុងការត្រៀមលក្ខណៈ និងឯកសារក្នុងការចុះបញ្ជីរធ្វើធុរកិច្ចពាណិជ្ជកម្មស្របច្បាប់ តាមប្រភេទអាជីវកម្មរបស់ខ្លួន។

កម្មវិធីនេះទទួលបានការសហការគាំទ្រពីសហគ្រិនខ្មែរ និងសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ និងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឧបត្ថម្ភដោយធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ និងធនាគារ វីង(ខេមបូឌា) ម.ក។ ក្រៅពីនេះក៏មានការចូលរួមពីសមាជិក សមាជិកា ពាណិជ្ជករ សិប្បករ ឧស្សាហករក្នុងខេត្ត ប្រមាណ១៣០នាក់ ។ 

ឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ បានលើកឡើងថា សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ ដែលស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេសរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ បង្កើតឡើងដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចាប់តាំងពីខែសីហា ឆ្នាំ២០១២។ ជាទូទៅសកម្មភាពសំខាន់ៗដែលបានអនុវត្តកន្លងមកដូចជា ការធ្វើជាតំណាងឱ្យវិស័យឯកជន ការចូលរួមដឹកនាំសមាជិក ចាប់ដៃគូពាណិជ្ជកម្មជាមួយបណ្តាប្រទេសដូចជា វៀតណាម ចិន សហរដ្ឋអាមេរិក បារាំង ជាពិសេសការចូលរួម ជាមួយសកម្មភាពមនុស្សធម៌ដោយផ្ទាល់ និងតាមរយៈកាកបាទក្រហមកម្ពុជា។

លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា សិក្ខាសាលាដ៏មានសារៈសំខាន់នេះបានធ្វើបទបង្ហាញអំពីច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម និងការលើកទឹកចិត្តសម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងគោលបំណង បញ្ជ្រាបការយល់ដឹងឱ្យកាន់តែទូលំទូលាយជូនដល់សមាជិក សមាជិកាសភាពាណិជ្ជកម្មខេត្ត ពាណិជ្ជករ អាជីវករ និងភាគីពាក់ព័ន្ធ បានយល់ដឹងពីការត្រៀមលក្ខណៈ និងឯកសារក្នុងការចុះបញ្ជីធ្វើធុរកិច្ចពាណិជ្ជកម្មស្របតាមច្បាប់ និងដឹងពីក្រសួងពាក់ព័ន្ធដែលត្រូវទៅចុះបញ្ជីឱ្យបានត្រឹមត្រូវ តាមប្រភេទអាជីវកម្មរបស់ខ្លួន ជាពិសេសការរៀបចំឯកសារដើម្បីទទួលបានការលើកទឹកចិត្តនានាពីរាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ពី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាតែងជំរុញ ឲ្យមានកិច្ចសហការល្អរវាងសភាពាណិជ្ជកម្ម និងបណ្ដាដៃគូរផ្សេងៗ ពិសេសបានជំរុញ និងលើកទឹកចិត្តដល់សមាជិក សមាជិកាសភាពាណិជ្ជកម្មទូទាំងប្រទេស ដើម្បីរៀបចំឲ្យមានការពិភាក្សាផ្លាស់ប្ដូរគំនិតយោបល់ ពិសេសការរៀបចំឲ្យមានជាសិក្ខាសាលាធំៗ ជាលើកទីពីរហើយដែល ដោយសភាពាណិជ្ជកម្មកម្ពុជា សហការជាមួយភាគីពាក់ព័ន្ធបានរៀបចំសិក្ខាសាលាថ្នាក់ជាតិនេះឡើង៕