2023-05-12 10:05
454

ភ្នំពេញ៖ តាមរយៈរូបថតចំនួនបីសន្លឹកដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបានពីបណ្តាញទំនាក់ទំនងសង្គម ដែលថតក្នុងអំឡុងឆ្នាំ១៩៧៩ ជាមួយនឹងនាឡិកាដៃ ម៉ាក "ទីតូនី" ដែលកាលសម័យកាលនោះមានតម្លៃប្រមាណជាង ២តម្លឹងមាស ធ្លាប់មានប្រវត្តិដ៏វែងឆ្ងាយជាមួយសម្តេចហើយសម្តេចធ្លាប់ប្រកាសស្វែងរករកហូតសព្វថ្ងៃនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នេះ បន្ទាប់ពីទទួលបានរូបថត៣សន្លឹកនេះ បានសរសេរសារបង្ហោះយ៉ាងដូច្នេះថា "បានត្រឹមរូបថត! ខ្ញុំបានខិតខំស្វែងរកនាឡិកាដែលខ្ញុំពាក់តាំងពីមុនសង្គ្រាមឆ្នាំ១៩៧០ ហើយមកដូរ
ជាមួយបង ជា សុីម ក្នុងឆ្នាំ១៩៨២"។

សម្តេចតេជោ ហ៊ុន សែន បានសរសេរបន្ថែមទៀតថា "ម្សិលមុិញខ្ញុំបានទទួលពីបណ្តាញសង្គមនូវរូបថត៣សន្លឹកដែលថតក្នុង១៩៧៩។ នៅក្នុងរូបថតនេះមាននាឡិកាដែលពាក់នៅដៃខ្ញុំនេះហើយជានាឡិកាដែលខ្ញុំកំពុងស្វែងរក"។

សម្តេចតេជោនាយករដ្ឋមន្ត្រី "នាឡិកានេះមានប្រវត្តិវែងឆ្ងាយតាំងពីខ្ញុំនៅជាក្មេងវត្ត។ ប្រហែលចុងឆ្នាំ១៩៦៩ ឬដើមឆ្នាំ១៩៧០ ដោយសារព្រះសង្ឃស្តីបន្ទោសរឿងយកចង្ហាន់យឺត ខ្ញុំសម្រេចបោកកូនជ្រូកយកប្រាក់សន្សំបានប្រាក់ជាង ៥០០០រៀល យកទៅទិញនាឡិកាម៉ាកទីតូនីមួយគ្រឿង"។ សម្តេចតេជោ បានសរសេរទៀតថា "ប្រហែលដើមខែមិនា១៩៧០ខ្ញុំបានយកនាឡិកានេះ ទៅប្តូរជាមួយហាងនាឡិកា នៅស្រុកមេមត់ដោយយកម៉ាកទីតូនី ដែលមានតម្លៃខ្ពស់ជាងរហូតដល់៨៧០០រៀលលុយជំនាន់នោះ (មាសមួយដំឡឹងតម្លៃ៣២០០រៀល)"។

សម្តេចតេជោ ហ៊ុន សែន បានសរសេរទៀតថា ដូចនេះនាឡិកានេះមានតម្លៃស្មើនិងជាង ២ដំឡឹងមាសនាពេលនោះ។ នាឡិកានេះបានជួយខ្ញុំច្រើនមិនឲ្យលោកស្តីបន្ទោសរឿងយកចង្ហាន់យឺតពិសេសបំរើការក្នុងកងទ័ពរហូតជារដ្ឋក្រសួងការបរទេស១៩៧៩-១៩៨០ និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ១៩៨១-១៩៨២ មុនពេលប្តូរនាឡិកានេះ ជាមួយបង ជា សុីម ក្នុងឆ្នាំ១៩៨២៕