2023-12-13 03:12
117

ភ្នំពេញ៖ សូមបញ្ជាក់ថា ករណីឃាតកម្មខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានបញ្ជូនខ្លួនជនដៃដល់ដែលបានយកខ្នើយធ្វើសកម្មភាពសម្លាប់នារីជាសង្សាររួចយកទៅព្យួរ.កនៅបន្ទប់ទឹករហូតធុំក្លិនស្អុយ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ជនរងគ្រោះមានឈ្មោះ ស៊ីម រ៉ាឌី ភេទស្រីអាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ១២សេ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិសំបួរ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ចំណែកជនដៃដល់ឈ្មោះភុំ ផា ភេទប្រុសអាយុ២០ឆ្នាំ នៅបន្ទប់ជួលលេខ៣៧ ជាន់ទី១ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិគគីរកណ្តាល ឃុំលំលង ស្រុកអន្លុងវែង ខេត្តបន្ទាយមានជ័យ។

តាមការបំភ្លឺរបស់ឈ្មោះលំ តាំងយី ភេទស្រី អាយុ៤៣ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះបានរៀបរាប់ថា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៩និង១៥នាទី មិនឃេីញកូនស្រីរបស់គាត់ចេញពីធ្វើការត្រឡប់មកបន្ទប់ជួលដែលស្នាក់នៅជាមួយគាត់ទេ ពេលនោះគាត់បានតេទូរស័ព្ទចំនួន២ដងតែគ្មានអ្នកលើក ខំដើររកក៏មិនឃើញ។ រហូតមកដល់ថ្ងៃទី៧ ខែឆ្នាំដដែល រូបគាត់ក៏បបួលបងប្អូនជីដូនមួយរបស់គាត់មកមើលនៅបន្ទប់ជួលលេខ៣៧ ជាន់ទី១ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលត្រូវជាសង្សាររបស់កូនស្រីគាត់ ឈ្មោះផា ភេទប្រុស តែទ្វារចាក់សោខាងក្រៅ ពេលនោះក៏ធុំក្លឹនស្អុយ រូបគាត់ក៏ចុចពិលអើតមើលឃើញកូនស្រីរបស់គាត់ចង.កជាប់ទៅនឹងទ្វារបន្ទប់ទឹកទេបរាយការណ៍ទៅសមត្ថកិច្ចតែម្តង។

ក្រោយទទួលព័ត៌មានភ្លាមកម្លាំងមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុហ៊ុមព័ទ្ធកន្លែងកើតហេតុរង់ចាំជំនាញមកធ្វេីកោសល្យវិច័យ ។ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញពិនិត្យរួចបានបញ្ជាក់ថាជនរងគ្រោះត្រូវបានឃាតកយកខ្នើយខ្ទប់ច្រមុះរួចយកទៅព្យួរកនៅបន្ទប់ទឹក ហើយគេចខ្លួនបាត់។
រហូតមកដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ ជនដៃដល់បានចូលខ្លួនទៅសារភាពនៅអធិការដ្ឋានគរបាលស្រុកក្រឡាញ់ ខេត្តសៀមរាបដើម្បីទទួលកំហុស។ បន្ទាប់មកនគរបាលស្រុកក្រឡាញ់បានទំនាក់ទំនងមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីឱ្យម្ចាស់ករណីមកទទួលនិងបន្តនីតិវិធីវិញ។ នៅយប់ថ្ងៃទី៨ខែឆ្នាំដដែល កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានទៅនាំខ្លួនជនដៃដល់មកសួរនាំបន្តដោយសារតែជាម្ចាស់ករណី។

នៅចំពោះមុខសមត្ថកិច្ចជនដៃដល់បានសារភាពថា មូលហេតុដែលធ្វើឱ្យរូបគេសម្លាប់នារីជាសង្សារ ដោយសារភ្លើងប្រចណ្ឌ នាងមានទំនាក់ទំនងជាមួយប្រុសថ្មី ហើយមុនពេលកើតហេតុរូបគេបានឱ្យនាងមកបន្ទប់ជួលរបស់ខ្លួន ពេលនោះរូបគេក៏សុំទូរស័ព្ទនាងមើលតែនាងមិនឱ្យធ្វើឱ្យរូបគេខឹងយ៉ាងខ្លាំងរុញនាងឱ្យដួលទៅនឹងឥដ្ឋរួចយកខ្នើយមកខ្ទប់ច្រមុះនិងច្របាច់ករហូតនាងដាច់ខ្យល់ ស្លាប់។ បន្ទាប់មកក៏យកខ្សែចងកព្យួរ ទៅនឹងបន្ទប់ទឹកតែម្តង។
បច្ចុប្បន្ន ជនសង្ស័យរូបនេះកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ៕