2024-01-12 12:01
83

ភ្នំពេញ៖     ក្រសួងចំនួន ០២ គឺ ក្រពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងអំពីវិធានការហាមឃាត់ការនាំចូលចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កកគ្រប់ប្រភេទចាប់ពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដូច្នេះក្រសួងសង្ឃឹមថា សាធារណជន ក្រុមហ៊ុននាំចេញ-នាំចូល និងភាគីពាក់ព័ន្ធ នឹងចូលរួមសហការអនុវត្តវិធានការនេះ ដោយស្មារតី ទទួលខុសត្រូវខ្ពស់។

ក្នុងប្រកាសរបស់អន្តរក្រសួង បានបញ្ជាក់ថា យោងតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជម្រាបជូនសាធារណជន និងក្រុមហ៊ុននាំចេញ-នាំចូល មេត្តាជ្រាបថា «រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកជាបណ្តោះអាសន្នសម្រាប់រយៈពេល ០៦ (ប្រាំមួយ)ខែ នូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកគ្រប់ប្រភេទ»។

ចំពោះវិធានការផ្អាកការនាំចូលជាបណ្តោះអាសន្ននេះ នឹងចាប់ផ្តើមអនុវត្ត ពីថ្ងៃទី១២ ខែមីនា រហូត ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ តែវិធានការនេះមិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ (គ.ល.គ) ដែលនាំចូលទំនិញខាងលើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់ការនាំចេញឡើយ។

ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមថា សាធារណជន ក្រុមហ៊ុននាំចេញ-នាំចូល និងភាគីពាក់ព័ន្ធ នឹងចូលរួមសហការអនុវត្តវិធានការនេះ ដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត៕