2023-10-06 01:10
296

ភ្នំពេញ ៖ នាថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នេះ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញទទួលជួប លោក PETER VERNON មន្រ្តីទំនាក់ទំនងរបស់ទីភ្នាក់ជាតិ នៃចក្រភពអង់គ្លេស ទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មមានការចាត់តាំង (NCA) ប្រចាំវៀតណាម កម្ពុជា ឡាវ និងប្រ៊ុយណេ និងលោក MARC THAYRE អនុប្រធានបេសកកម្ម នៃស្ថានទូតចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្តើម លោក PETER VERNON មន្រ្តីទំនាក់ទំនងរបស់ទីភ្នាក់ជាតិ នៃចក្រភពអង់គ្លេស ទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មមានការចាត់តាំង (NCA) ប្រចាំវៀតណាម កម្ពុជា ឡាវ និងប្រ៊ុយណេ បានឧទ្ទេសនាមខ្លួនជូន  នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបានសម្តែងនូវការចូលរួមអបអរសាទរចំពោះ  នាយឧត្តមសេនីយ៍ ស ថេត ដែលត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា អគ្គស្នងការនគរបាលជាតិ និងបានស្នើសុំបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មមានការចាត់តាំង(NCA) ជាមួយនគរបាលជាតិកម្ពុជា ដែលមានពីមុនមកតាមរយៈយន្តការដែលមានស្រាប់។

ជាមួយគ្នានោះ លោក MARC THAYRE អនុប្រធានបេសកកម្ម នៃស្ថានទូតចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានលើកឡើងពីការផ្តល់ជូននូវការបណ្តុះបណ្តាលដល់នគរបាលជាតិកម្ពុជា ពាក់ព័ន្ធភាសាអង់គ្លេស ក៏ដូចជាមុខជំនាញបច្ចេកវិទ្យា និងការប្រយុទ្ធប្រឆាំងបទល្មើសផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងបានថ្លែងអំណរគុណដល់នគរបាលជាតិកម្ពុជា ចំពោះកិច្ចអន្តរាគមន៍ជួយដល់ពលរដ្ឋអង់គ្លេសរស់នៅកម្ពុជានៅពេលជួបបញ្ហាផងដែរ។

ជាការឆ្លើយតប  នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍គាំទ្រ និងរីករាយស្វាគមន៍ក្នុងការបង្កើនកិច្ចសហការប្រតិបត្តិការបង្ការ បង្រ្កាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសឧក្រិដ្ឋឆ្លងដែន ជាមួយក្រុមការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មមានការចាត់តាំង(NCA) ក្នុងគោលបំណងថែរក្សាសន្តិសុខ សុវត្ថិភាព ជូនពលរដ្ឋប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ផងដែរ៕