2023-05-01 08:05
335


ភ្នំពេញ៖  សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ វិលត្រឡប់មកដល់កម្ពុជាវិញប្រកបដោយសុវត្ថិភាព នាយប់ថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់ដំណើរបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន អស់រយៈពេល៣ថ្ងៃ។


សូមរំលឹកផងដែរថា ដំណើរបំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋប្រជាមានិតចិន របស់សម្តេចក្រឡាហោម ស ខេង នាឱកាសនេះ គឺធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន។
នាឱកាសបំពេញទស្សនកិច្ចនេះដែរ ក៏សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទស្សនកិច្ចសាកលវិទ្យាល័យសន្តិសុខសាធារណៈ នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងបានទស្សនាសារមន្ទីរនៃសាកលវិទ្យាល័យ ផងដែរ។ ជាមួយគ្នានោះ សម្តេចក្រឡាហោម ក៏បានជួបប្រជុំពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការជាមួយលោកជំទាវ ZENG HAIYAN លេខាធិការគណៈកម្មាធិការបក្សប្រចាំសាកលវិទ្យាល័យ និងលោក Cao Shi Quan លេខាធិការបក្សរង និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ផងដែរ។
ដោយឡែកក្រៅពីនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កីបានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយឯកឧត្តម វ៉ាង ស៊ាងហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រមានិតចិន។ ដែលក្នុងនោះភាគីកម្ពុជា និងចិន ក៏បានថ្លែងសុន្ទរកថា ស្ដីអំពីលទ្ធផល នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងភាគីទាំងពីរផងដែរ។
លើសពីនោះទៀត ភាគីទាំងពីរក៏បានចុះហត្ថលេខាលើផែនការការងារ ស្ដីពីការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន ហើយក្នុងឱកាសនោះផងដែរ ឯកឧត្តម វ៉ាង ស៊ាវហុង រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ ចិន ក៏បានអញ្ជើញបំពាក់មេដាយមាស មេដាយប្រាក់ អនុស្សាវរីយ៍មហាកំពែង ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ផងដែរ៕