2023-10-24 05:10
360

(សៀមរាប)៖ លោក លី ចាន់សុភក្តី អនុរដ្ឋលេខាធិការក្រសួងផែនការ និងលោក សុខ ថុល អភិបាលរងខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ បានញ្ជើញជាអធិបតីបើកអង្គសិក្ខាសាលាកសាងសមត្ថភាព ស្តីពីការចងក្រងម៉េតាទិន្នន័យ និងការប្រើប្រាស់កម្មវិធីថ្នាលទិន្នន័យសម្រាប់រាយការណ៍គោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព (SDG) ដោយមានការចូលរួមពីលោក ទ្រី ឬទ្ធា អគ្គនាយកស្ដីទីនៃវិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការ ព្រមទាំងលោក លោកស្រី មន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរផែនការមកពីខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ និងខេត្តកំពង់ធំជាច្រើនចូលរួមផងដែរ។

ក្នុងឱកាសនោះដែរ លោក ទ្រី ឬទ្ធា បានធ្វើការបកស្រាយអំពីសារៈសំខាន់នៃសិក្ខាសាលាកសាងសមត្ថភាពក្នុងគោលបំណងបប្រៀបការយល់ដឹង និងការរៀបចំផែនការសកម្មភាព ដើម្បីសម្រេចបានគោលដៅយុទ្ធសាស្ត្រ ផែនការសកម្មភាពចម្បងៗមួយចំនួន ត្រូវបានដាក់ចេញក្នុងផែនការសកម្មភាពសម្រាប់អនុវត្តការវាស់វែងសូចនាករ (SDG) និងក្របខណ្ឌការងារសម្រាប់ប្រមូលទិន្នន័យត្រូវបានកំណត់ និងលទ្ធផលរំពឹងទុកដែលត្រូវសម្រេចឱ្យបាននោះគឺការបង្កើត និងអភិវឌ្ឍន៍ប្រព័ន្ធកម្មវិធីថ្នាលទិន្នន័យសម្រាប់រាយការណ៍ និងផ្សព្វផ្សាយទិន្នន័យសូចនាករ SDG/CSDG ព្រមទាំងសូចនាករអភិវឌ្ឍន៍ជាតិផ្សេងៗ។  

លោក សុខ ថុល បានថ្លែងនូវការគាំទ្រចំពោះការរៀបចំបើកសិក្ខាសាលានេះឡើង ដើម្បីអភិវឌ្ឍន៍សមត្ថភាពមន្រ្តីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរួមមាន៖ មន្រ្តីនៃក្រសួង មន្ទីរ ស្ថាប័ន ដែលពាក់ព័ន្ធនៅក្នុងខេត្ត ជាពិសេសមន្រ្តីនៃមន្ទីរផែនការខេត្តទាំង០៥ ក្នុងការលើកកម្ពស់ចំណេះដឹង ដើម្បីចូលរួមអនុវត្តការងារបានល្អប្រសើរ។ ផែនការយុទ្ធសាស្ត្រជាតិ គឺជាផែនការស្នូលដែលរាជរដ្ឋាភិបាលកម្ពុជារៀបចំឡើង ក្នុងក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច យ៉ាងសំខាន់ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី។

លោក សុខ ថុល ក៏បានណែនាំដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមសិក្ខាសាលានេះ នឹងទទួលបាននូវចំណេះដឹងថ្មីបន្ថែមទៀត អំពីការចងក្រងទិន្នន័យសម្រាប់សូចនាករនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។

ទន្ទឹមនឹងនេះដែរលោក លី ចាន់សុភក្តី ក៏បានលើកឡើងពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គឺជាផែនការស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំឡើងគ្របដណ្តប់លើគ្រប់វិស័យ និងក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានចែងក្នុងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មី ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ពោលគឺគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

លោក លី ចាន់សុភក្តី បានបន្តថា ការរៀបចំសិក្ខាសាលានេះក្នុងគោលបំណងដើម្បីសម្រេចគោលដៅរួមនៃផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិកម្ពុជា (NSDP) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ដែលមានចំនួន ១៧គោលដៅ ១៦៩ចំណុចដៅ និង ២៣២សូចនាករ តាមរយៈក្របខ័ណ្ឌ (SDG) ជាសាកលនេះ ក្រសួងផែនការត្រូវបានប្រគល់ភារកិច្ច ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានតួនាទីស្នូលក្នុងការដឹកនាំសម្របសម្រួលនៅដំណើរការធ្វើមូលដ្ឋានីយកម្ម (SDG) ទៅក្នុងបរិបទនៃកម្ពុជា ដើម្បីឱ្យស្របទៅតាមកម្មវិធីនយោបាយសំខាន់ៗ ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

បច្ចុប្បន្នសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (CSDG) គឺមានចំនួន ១៨គោលដៅ (ដោយបន្ថែមគោលដៅមួយរបស់កម្ពុជា ស្តីពីការបញ្ចប់ផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងជំរុញការសង្គ្រោះជនរងគ្រោះ) មានចំនួន ៨៨ចំណុចដៅ និង ១៤៨សូចនាករ សម្រាប់គាំទ្រការសម្រេចគោលដៅទាំង១៨នេះ។

លោក លី ចាន់សុភក្តី បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមនឹងមានការខិតខំធ្វើការរួមគ្នាជាប្រព័ន្ធ និងរៀនសូត្របទពិសោធន៍រវាងអ្នកចូលរួមពីបណ្ដ មន្ទីរ-សា្ថប័នពាក់ព័ន្ធ ថែមទាំងបានយល់ដឹងកាន់តែទូលំទូលាយ អំពីចរិកលក្ខណៈរបស់សូចនាករ ភាពសំខាន់របស់ម៉េតាទិន្នន័យ និងស្វែងយល់ពីប្រព័ន្ធកម្មវិធីថ្នាលទិន្នន័យសម្រាប់រាយការណ៍សូចនាករអភិវឌ្ឍន៍ជាតិ (CAMSTAT) និងប្រព័ន្ធកម្មវិធីថ្នាលទិន្នន័យសម្រាប់ផ្សព្វផ្សាយសូចនាករគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Open SDG)៕