2024-02-13 11:02
85

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានចាត់ទុក ថា រដ្ឋបាលកីឡាមានសារៈសំខាន់ បំផុតចំពោះប្រសិទ្ធភាពការងារកីឡា ការយល់ដឹងច្បាស់ពីរដ្ឋបាលកីឡាបានបង្កភាពងាយស្រួលក្នុងការជម្រុញផ្នែកបច្ចេកទេសកីឡាឲ្យដល់មនុស្សសំខាន់នៅក្នុងវិស័យ កីឡា ពិសេស គឺប្រសិទ្ធភាព ការងារដែលបង្កនូវលក្ខណៈងាយស្រួលពីថ្នាក់ដឹកនាំរហូតដល់កីឡាករកីឡាការិនី។

ឯកឧត្តម វ៉ាត់ ចំរើន លើងឡើងដូច្នេះ ក្នុងវគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពី រដ្ឋបាលកីឡា នាព្រឹកថ្ងៃទី១២ ខែ កុម្ភៈ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា។
ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា មន្រ្តីសហព័ន្ធ និងកីឡាករកីឡាការិនី ត្រូវយល់ដឹងឲ្យបានស៊ីជម្រៅអំពីរដ្ឋបាលកីឡា   វាមានសារៈសំខាន់ចាំបាច់ ព្រោះរដ្ឋបាលកីឡា គឺជាការយល់ដឹងអំពីតួនាទីភារៈកិច្ចជំនាញបច្ចេកទេសរបស់កីឡា ទាល់តែយើង យល់ដឹងពីវា ទើបយើងអាចរៀបចំជារចនាសម្ព័ន្ធគ្រប់ គ្រងបាន។

លោកថា វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពី រដ្ឋបាលកីឡា ដែលយើងបណ្តុះបណ្តាលជូនមន្រ្តីសហព័ន្ធ និងកីឡាករកីឡាការិនីនាពេលនេះ គឺ ជាការពង្រឹងនូវការផ្តល់សេវាប្រកបដោយវិជ្ជាជីវៈ ភាពរលូន និងសេវាដែលមិនមានឧសគ្គជារនាំងបាំងធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍវិស័យកីឡា។

ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា វគ្គសិក្សានេះ មន្រ្តីជំនាញបានបង្ហាត់បង្រៀនមេរៀនជាច្រើនមានដូចជា៖រចនាសម្ព័ន្ធនៃអំណាចរដ្ឋបាលសាធារណៈរបស់កីឡានៅក្រៅប្រទេសនិងក្នុងប្រទេស យល់ដឹងអំពីចលនាកីឡា ប្រភពដើមនៃកីឡាអូឡាំពិក ប្រវត្តិដើមនៃការកកើតរបស់កីឡាអូឡាំពិក យល់ដឹងអំពីរបៀបរបបការងាររបស់សហព័ន្ធកីឡាជាតិ និង បង្រៀនឲ្យមន្រ្តីសហព័ន្ធបានយល់ដឹងអំពីភាពជាអ្នកដឹកនាំក្នុងវិស័យកីឡា។

សូមបញ្ជាក់ថា វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពី រដ្ឋបាលកីឡា មានសិក្ខាកាម ជាកីឡាករ កីឡាការិនី គ្រូបង្វឹក និង មន្រ្តី សហព័ន្ធកីឡាជាតិចូលរួមចំនួន៥៨នាក់ សិក្សារយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី ១២ ដល់ ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤៕