2024-01-29 04:01
71

 សិស្សប៊ែលធីថ្នាក់ទី១២ ជំនាន់ទី១៨ជាង២ពាន់នាក់ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ  ក្នុងឆ្នាំសិក្សា ២០២២-២០២៣ មកទទួលសញ្ញាបត្រពីគណៈគ្រប់គ្រងសាលា ដែលពិធីនេះបានប្រព្រឹត្តទៅ នៅសាលសន្និសីទនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ ស្ពានអាកាសចោមចៅក្រោមវត្តមាន ឯកឧត្តមបណ្ឌិត លី ឆេង  ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ ។

លោកប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅបានឱ្យដឹងថា គិតត្រឹមឆ្នាំសិក្សា២០២២-២០២៣ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី១២ ដែលបានប្រឡងបញ្ចប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួនដប់ប្រាំបីពាន់ ប្រាំបួនរយសាមសិបប្រាំនាក់ ក្នុងនោះ ប្រឡងជាប់ដប់ប្រាំមួយពាន់ ប្រាំរយដប់ពីរនាក់ ស្មើនឹង ៨៧.២០% និងមានសិស្សនិទ្ទេសA ចំនួន ៣៩៧នាក់ សិស្សពូកែទូទាំងរាជធានី ចំនួន ១១៦នាក់ និងទូទាំងប្រទេស ចំនួន ៣១នាក់។ ចំពោះសិស្សដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងទទួលបានសញ្ញាបត្រចំនួនពីរ៖ ១-ចេញដោយ សាលា ប៊ែលធី អន្តរជាតិ និង ២-ចេញ ដោយក្រសួងអប់រំ យុវជន និងកីឡា ។

ក្នុងនាមគណគ្រប់គ្រងសាលា ឯកឧត្តម បណ្ឌិត លី ឆេង បានកោតសរសើរចំពោះក្មួយៗ ដែលបានខិតខំយកចិត្តទុកដាក់ប្រឹងប្រែង សិក្សារៀនសូត្ររយៈពេល ១២ឆ្នាំកន្លងមកនេះ ជាពិសេសការគោរពបទបញ្ជាផ្ទៃក្នុងមានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាកដល់ក្រុមគ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលនេះ។ ជាមួយនឹងជោគជ័យរបស់ក្មួយៗ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ដែលបានផ្តល់ឱកាស និងជំរុញកូនៗឱ្យសិក្សាបន្ថែមនៅផ្ទះនិងគោរព វិន័យសាលា ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយគណៈគ្រប់គ្រងនៅតាមបណ្តាសាខានៃសាលាប៊ែល     ធីអន្តរជាតិ។      

ឯកឧត្តម  ក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សារៀនសូត្របន្ថែមទៀតនៅថ្នាក់ ឧត្តមសិក្សា ដោយធ្វើការជ្រើសរើសនូវមុខវិជ្ជាណាដែលខ្លួនស្រឡាញ់ពេញចិត្ត ដើម្បីធ្វើជាអាជីពខ្លួនឯងទៅថ្ងៃអនាគតនិងប្រកួតប្រជែងដណ្តើមទីផ្សារការងារជាមួយបណ្តាយុវជនទាំងអស់ ទាំងក្នុងតំបន់និងពិភពលោក ជាពិសេស ដើរឱ្យទាន់នូវការរីកចម្រើនផ្នែកបច្ចេកវិទ្យាសម័យបដិវត្តឧស្សាហកម្ម៤.០ ជាដើម ៕