2023-06-15 03:06
169


ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះ ក្រុមហ៊ុន ឌី ណេតវើក វើលវ៉ាយដ៏ ( ខេមបូឌា ) បណ្តាលអោយរងការខូចខាតសម្ភារៈមួយចំនួន បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះមកអន្តរាគមន៏បាញ់ទឹកពន្លត់ភ្លាមៗ ។ 


ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរកើតឡើងនាវេលាម៉ោង ១២ និង ២៩ នាទីត្រូវនឹងថ្ងៃទី ១៤ ខែមិថុនាឆ្នាំ ២០២៣ ត្រង់ចំណុច ក្រុមហ៊ុន ឌី ណេតវើក វើលវ៉ាយដ៏ ( ខេមបូឌា ) ស្ថិតនៅតាមបណ្ដោយផ្លូវ ២៧១ សង្កាត់ទួលទំពូងទី ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ 
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែងហ៊ុយចេញពីខាងក្រោយនៃក្រុមហ៊ុន ឌី ណេតវើក វើលវ៉ាយដ៏ ( ខេមបូឌា ) ក៏ស្រាប់តែមួយសន្ទុះក្រោយ បានកើតចេញជាអណ្តាតភ្លើង យ៉ាងសន្ធោសន្ធៅឆាបឆេះ ខាងក្នុងនៃក្រុមហ៊ុន ។ ភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីបន្តទាក់ទងទៅកាន់មន្រ្តីជំនាញរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពញ មកអន្តរាគមន៍បាញ់ពន្លត់ ។

ក្រោយពីកម្លាំងសមត្ថកិច្ចកម្លាំងជំនាញ បង្ការនិងពន្លត់អគ្គិភ័យទទួលដំណឹងភ្លាម សមត្ថកិច្ចបានចេញនូវរថយន្តពន្លត់ជាច្រើនគ្រឿង ដើម្បីមកបាញ់ពន្លត់ទប់ស្កាត់អគ្គិភ័យ កុំអោយរាលដាលដល់ផ្ទះដទៃផ្សេងទៀត ។

ក្នុងគ្រោះអគ្គិភ័យខាងលើនេះ បានបង្កអោយរងការខូចខាតនូវសម្ភារៈ មួយចំនួនធំ ។ តែក៏សំណាងល្អមិនមានមនុស្សរងរបួសនោះឡើយ ។

ប្រតិបតិ្តការបាញ់ពន្លត់នេះដែរ រថយន្តដែលមកជួយបាញ់ពន្លត់មានដូចជា រថយន្តការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋានរាជធានីភ្នំពេញ , រថយន្តពន្លត់ ខ្មែរប៊ែវើរីជីស , រថយន្តទីក្រុងកោះពេជ្រ , រថយន្តកោះនរា ដើម្បីមកបាញ់ពន្លត់រហូតរលត់ជាស្ថាពរនាវេលាម៉ោង ១ និង ០២នាទីរសៀល ថ្ងៃខែឆ្នាំដដែល ៕