2024-01-26 11:01
68

តាកែវ៖  ក្រុមគ្រួសារសិស្សសាលារងគ្រោះក្នុងអំពើឃាតកម្មកាប់ដាប់.ក កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ កំពុងអំពាវនាវស្វែងរកយុត្តិធម៌ និងស្នើសុំឱ្យមានការជួយអន្តរាគមន៍ពីថ្នាក់ដឹកនាំ ដោយបានអះអាងថា សំណុំរឿងប្អូនប្រុសរបស់ខ្លួនត្រូវបានតលាការតាត់ទោសរួចហើយ ប៉ុន្តែក្រុមគ្រួសារគាត់មិនបានដឹងកាត់ក្តីពីពេលណានោះទេ ព្រោះអង្គសាវនាការជំនំជំរះតុលាការមិនបានហៅឱ្យចូលរួមឡើយ ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ «NeNe Love» ត្រូវជាសាច់ញាតិជនរងគ្រោះ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានសរសេរខ្លឹមសារថា៖ «ឈឺចាប់ណាស់ ប្អូនខ្ញុំស្លាប់ហើយនៅគ្មានយុត្តិធម៍សំរាប់គាត់ តើបងតុលាខេត្តតាកែវ អោយគ្រួសារខ្ញុំបាត់បង់ជីវិតខុសមេនបានមិនកាត់ក្ដី រឺយ៉ាងមិចអោយប្រាកដ បងប្អូនសូមជួយស៊ាផង នាងខ្ញុំសុំលើកដៃសំពះ មួយឆ្នាំហើយទុករឿងនឹងចោលចឹងលោកពូ» ។

គណនីដដែលបានសរសេរទៀតថា៖ «វាពិតជាអយុត្តិធម៍ណាស់បងប្អូន ទទួលដំណឹងថារឿងក្ដីប្អូនខ្ញុំកាត់រួចហើយ កាត់ពីពេលណាមិចគ្រួសាខ្ញុំមិនដឹងចឹង ខ្ញុំអត់សុខចិត្តទេ តើខ្ញុំគួរធ្វើអ្វីបន្តទៀតបងប្អូន? សូមផ្ដល់មតិយោបល់ផង ព្រោះនាងខ្ញុំល្ងង់ អត់សូវចេះច្បាប់ទេ ហើយការកោះហៅខ្ញុំទៅមិនដែលខានមានតាទៅហើយមេធាវីដេញមកវិញទៀត ថាតុលាការឈឺ តែបែជាថាថ្ងៃប្រកាសសាលក្រមគ្មានវត្តមានគ្រួសារខ្ញុំ តើគាត់ធ្វើចឹងដើម្បីអី?» ។

ពាក់ព័ន្ធសំណុំរឿងឃាតកម្មសម្លាប់ប្អូនប្រុសរបស់ខ្លួននេះដែរ គណនីហ្វេសប៊ុក «NeNe Love» បានសរសេរថា៖ «អា..នេះហើយបងប្អូនវាកាប់សម្លាប់ប្អូនខ្ញុំ វាជនដៃដល់សាហាវធ្លាប់កាប់គេច្រើនហើយវាដើរកូរពេញភូមិគ្មានអាណាបានដេកទេ វាងពូវាស្នងការខេត្តតាកែវ ទើបរឿងប្អូនខ្ញុំត្រូវបិត សូមបងប្អូនជួយស៊ែដល់សម្តេចផង ថាពួកវាស៊ីលុយ» ។

ក្រោយមានការបង្ហោះសារបែបនេះ ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចេញមកធ្វើការបំភ្លឺ និងបដិសេធទាំងស្រុង ចំពោះគណនីហ្វេសប៊ុកឈ្មោះ «NeNe Love» ដែលបានផុសនូវខ្លឹមសារវាយប្រហារចោទប្រកាន់មកលើលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ ត្រូវជាពូរបស់ជនល្មើស ជាអ្នកការពារ និងបិទសំណុំរឿង ស៊ីលុយរបស់ជនល្មើសដែលបានកាប់ប្អូនប្រុសខ្លួនបណ្តាលឱ្យស្លាប់ ។
ក្រុមការងារប្រតិកម្មរហ័សស្នងការខេត្តតាកែវ បានបញ្ជាក់ថា៖ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីឃាតកម្ម នៅចំណុច ផ្លូវជាតិលេខ២ ស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យមួយក្រុម កាប់ទៅលើជនរងគ្រោះឈ្មោះ ប៉ែត កុសលសិទ្ធិ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅ ភូមិបន្ទាយ ឃុំជីខ្មា ស្រុកទ្រាំង បណ្តាលឱ្យស្លាប់ភ្លាមៗ ខណៈកំពុងជិះម៉ូតូតាម ។
 
ក្រោយពេលកើតហេតុ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងអធិការនគរបាលស្រុកពាក់ព័ន្ធចុះធ្វើការស្រាវជ្រាវភ្លាមៗ រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ផែន រ៉ាឌី ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅ ភូមិក្រពុំឈូក ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ បន្ទាប់ពីសាកសួរ កម្លាំងជំនាញបន្តឃាត់ខ្លួន ជនសង្ស័យ ០៣នាក់ទៀត នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ រួមមាន៖ ទី១- ឈ្មោះ សន វណ្ណរ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅ ភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់, ទី២- ឈ្មោះ ស៊ឹម ចន្នី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិអណ្តូងកៀន ឃុំភ្នំដិន ស្រុកគិរីវង់ (ជនដៃដល់) និងទី៣- ឈ្មោះ សុខ សេមសេរីវឌ្ឍនៈ ភេទប្រុស ងាយុ១៦ឆ្នាំ មានទីលំនៅ ភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ។

ក្រោយធ្វើការសាកសួរ ជនសង្ស័យទាំង 0៤នាក់ បានសារភាពថា «ពិតជាបានធ្វើសកម្មកាប់ជនរងគ្រោះប្រាកមែន មូលហេតុព្រោះក្រុមខ្លួនមានរឿងនៅកន្លែងផ្សេង ពេលជិះមកដល់កន្លែងកើតហេតុឃើញជនរងគ្រោះជិះម្នាក់ឯងក៏កាប់ពីក្រោយតែម្តង» ។ ករណីនេះ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តតាកែវ បានយកចិត្តទុកដាក់ ដឹកនាំបញ្ជាតាមស្រាវជ្រាវរហូតបង្ក្រាបជនសង្ស័យបាន និងបានកសាងសំណុំរឿងតាមនីតិវិធីទៅសាលាដំបូងខេត្តតាកែវ ដោយមិនមានលម្អៀង ឬមានការបិទបាំងព័ត៌មាន បិទសំណុំរឿងការពារជនល្មើសនោះឡើយ» ។

ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋានខេត្តតាកែវ បានបញ្ជាក់ថា៖ «មួយវិញទៀត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ ក៏មិនមានពាក់ព័ន្ធជាសាច់ញាតិ បងប្អូន ជនល្មើសក្នុងករណីនេះ ដូចការចោទប្រកាន់របស់ម្ចាស់គណនី NeNe Love នោះដែរ» ។

សេចក្តីបំភ្លឺ និងបដិសេធនេះ ម្ចាស់គណនី NeNe Love ត្រូវកែប្រែខ្លឹមសារ និងធ្វើការបំភ្លឺឆ្លើយតបជាសារធារណៈ ដើម្បីបង្ហាញភាពត្រឹមត្រូវ និងសុំទោសចំពោះលោកឧត្តមសេនីយ៍ទោ ស្នងការ ដែលម្ចាស់គណនីបានចោទប្រកាន់ទាំងបំពាន បំភ្លើសទាំងស្រុងនូវការពិត បង្កឱ្យមានការយល់ច្រឡំមកលើភាពដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ក៏ដូចជាអង្គភាព នៃស្នងការដ្ឋាននគរបាលខេត្តតាកែវទាំងមូល លើសពីនេះក៏បង្កឱ្យមានការប្រមាថ ពីសំណាក់មហាជនលើបណ្តាញសង្គមហ្វេសប៊ុក ដែលមិនបានយល់ពីរឿងហេតុច្បាស់លាស់ សង្ឃឹមថា ម្ចាស់គណនី NeNe Love និងសហការជាមួយសមត្ថកិច្ច ដើម្បីជៀសវៀងទទួលខុសត្រូវចំពោះមុខច្បាប់ ។
ក្រោយស្ដាប់ចម្លើយសារភាព បានបញ្ជាក់ថា ខ្លួនគេនិងបក្ខពួកមិនមានគំនុំអ្វីជាមួយ ជនរងគ្រោះនោះទេ ប៉ុន្តែរូបគេ និងគូរកនមានរឿងមកពីកន្លែងផ្សេង រួចក៏ជិះម៉ូតូដល់កន្លែងកើតហេតុឃើញជនរងគ្រោះ ជិះម៉ូតូម្នាក់ឯង រូបគេ និងបក្ខពួកក៏បានកាប់សំដៅមកលើជនរងគ្រោះបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង។

បន្ទាប់ពីមានការបកស្រាយបំភ្លឺ និងបដិសេធនូវខ្លឹមសារបង្ហោះលើបណ្តញសង្គមពីសំណាក់ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ស្ត្រីជាម្ខាស់គណនីហ្វេសប៊ុកបានធ្វើការសុំទោសជាសារធារណជន ជាពិសេស បានធ្វើឱ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូធ្ងន់ធ្ងរ និងលើការដឹកនាំរបស់លោកស្នងការនគរបាលខេត្តតាកែវតែម្តង ៕