2023-03-24 06:03
461

ថ្ងៃព្រហស្បតិ៍ ២ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ ជាបឋមនាងខ្ញុំសូមគោរព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមគោរព ឯកឧត្តម អាយ ខន សមាជិកព្រឹទ្ធ សភា ជាទីគោរព សូមគោរព ឯកឧត្តម ជុំ យុហៀន តំណាងរាស្ត្រមណ្ឌលកោះកុង ជាទីគោរព សូមគោរព ឯកឧត្តម លោកជំទាវ ប្រតិភូក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ ប្រតិភូ ក្រសួងការពារជាតិ ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកោះកុង ជាគណៈអធិបតី ជាទីគោរព ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស និងសមាជិក សមាជិកា នៃអង្គ សន្និបាតទាំងមូល ជាទីមេត្រី!

ជាបឋមក្នុងនាមគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត និងក្នុងនាមនាងខ្ញុំផ្ទាល់ ខ្ញុំមានក្តីសោមនស្ស រីករាយជាអនេក ដោយបានទទួលស្វាគមន៍និងគារវកិច្ចចំពោះវត្តមានដ៏ថ្លៃថ្លារបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនខេត្តកោះកុង ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាល ខេត្តកោះកុង នាពេលនេះ។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងអង្គសន្និបាតទាំងមូល នាងខ្ញុំសូមគោរពអនុញ្ញាតធ្វើសេចក្តីរាយការណ៍ដោយសង្ខេបអំពីកិច្ចដំណើរការ និងលទ្ធផលនៃសន្និបាត ជូនសម្តេច ពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មេត្តាជ្រាបដូចខាងក្រោម ៖

-អង្គសន្និបាត បានដំណើរការរយៈពេល០១ថ្ងៃពេញ នាថ្ងៃទី២២ខែមីនាឆ្នាំ២០២៣

ដោយចាប់ផ្តើមពីម៉ោង០៨:០០នាទីព្រឹកដល់ម៉ោង១២:០០ថ្ងៃត្រង់ និងពេលរសៀល ចាប់ពីម៉ោង១៤:៣០នាទីដល់ម៉ោង១៧:០០នាទី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សានិងអភិបាលក្រុង-ស្រុក អធិការក្រុង-ស្រុក មន្ត្រីរាជការ មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ នាយប៉ុស្តិ៍នរគបាលរដ្ឋបាលឃុំសង្កាត់ និងតំណាងសង្គម ស៊ីវិលសរុបចំនួន២៦១នាក់ (ស្រី ៤៦នាក់)។

-អង្គសន្និបាត បានដំណើរការយ៉ាងយកចិត្តទុកដាក់ តាមកម្មវិធីដែលមានគ្រោងទុក ជាបន្តបន្ទាប់ដូចខាងក្រោម៖

នាពេលព្រឹក៖

- អង្គសន្និបាតបានស្តាប់នូវរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំឆ្នាំ២០២២ និង ការលើកទិសដៅការងារឆ្នាំ២០២៣របស់រដ្ឋបាលខេត្តកោះកុង។ អង្គសន្និបាតក៏បានស្តាប់នូវរបាយការណ៍ស្តីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងបានបែងចែកក្រុមពិភាក្សាជា០៣ក្រុមដោយផ្តោតជាសំខាន់ទៅលើ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរមនុស្សគ្រប់ ទម្រង់និងការធ្វើអធិការកិច្ចអត្ថពលករបរទេស។

នាពេលរសៀល៖

- អង្គសន្និបាតទាំងមូល បានស្តាប់នូវលទ្ធផលនៃក្រុមពិភាក្សាទាំង៣ - បានបំពាក់មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធការងារ ជូនមន្ត្រីរាជការ ចំនួន៨៥នាក់ និងបានប្រគល់ប័ណ្ណសរសើរជូនដល់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលទទួលបានជ័យលាភីលេខ១ និងលេខ២ ចំនួន២៨ ឃុំ-សង្កាត់ ដែលបានខិតខំអនុវត្ត គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពបានល្អប្រសើរ។

អង្គសន្និបាតទាំងមូល បានសម្តែងនូវអំណរសាទរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ឋផល ការងារ របស់រដ្ឋបាលខេត្តឆ្នាំ២០២២ ព្រមទាំងគាំទ្រយ៉ាងពេញ ទំហឹង ចំពោះទិសដៅការងារ ឆ្នាំ២០២៣ ដែលរដ្ឋបាលខេត្ត បានដាក់ចេញសម្រាប់យកទៅអនុវត្តបន្ត និងបានវាយ តម្លៃខ្ពស់ចំពោះមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបាន ខិតខំបំពេញការងារសម្រេចបានលទ្ឋផលល្អប្រសើរ ក្នុងឆ្នាំ២០២២កន្លងទៅនេះ។

លទ្ឋផលសំខាន់ៗដែលអង្គសន្និបាតអបអរសាទរគួរអោយកត់សម្គាល់នោះរួមមាន៖ ការថែរក្សាសន្តិសុខនិងការការពារបូរណភាពទឹកដីតាមបណ្ដោយព្រំដែន ការថែរក្សា សន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយ នៅតាមទីប្រជុំជននិងតំបន់ទេសចរណ៍ សំខាន់ៗបានល្អប្រសើរ ការពង្រឹងរបៀបរបបនិងប្រសិទ្ធភាពការងារ និងការពង្រឹងសាមគ្គីភាព ផ្ទៃក្នុង ការលើកកម្ពស់សមត្ថភាព និងការលើកទឹកចិត្តដល់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ការបំរើ សេវាសាធារណៈ សេវារដ្ឋបាល និងសេវាតម្រូវការចាំបាច់នានានៅតាមមូលដ្ឋានបានបំពេញ តាមតម្រូវការជូនប្រជាពលរដ្ឋ ការផ្ដល់អត្តសញ្ញាណកម្ម កិច្ចការពន្ធនាគា កិច្ចការទំនាក់ ទំនងនិងសហប្រតិបត្តិការអន្តរជាតិ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន លូ ប្រឡាយ មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពនៅតាមមូលដ្ឋាន សាលារៀន សួនច្បារ អគ្គិសនី ប្រព័ន្ធទឹកស្អាតក៏ត្រូវបានពង្រឹងនិងពង្រីកបន្ថែម ការខិតខំសហការរួមគ្នាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋការអនុវត្តគោលនយោបាយភូមិ-ឃុំ- សង្កាត់មានសុវត្ថិភាពការអនុវត្តគោលនយោបាយគាំពារសង្គមតាមរយៈកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពី គ្រោះទឹកជំនន់ និងគ្រោះធម្មជាតិជាដើម។

ទន្ទឹមនឹងលទ្ធផលវិជ្ជមានគួរជាទីមោទកៈខាងលើ អង្គសន្និបាតក៏បានកត់សម្គាល់ អំពី បញ្ហាប្រឈមមួយចំនួនដែលក្រុមពិភាក្សា បានលើកឡើងដែលតម្រូវឱ្យមានការចូលរួម ពីគ្រប់សមត្ថកិច្ចពាក់ព័ន្ធ យកចិត្តទុកដាក់ ក្នុងការដោះស្រាយ។បញ្ហាទាំងនោះមានដូចខាង ក្រោម៖

ក្រុមពិភាក្សាទី១៖ការប្រយុទ្ធប្រឆាំងគ្រឿងញៀន៖

បញ្ហាប្រឈម

-ខ្វះខាតសម្ភារ មធ្យោបាយ និងថវិកាក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន

-ការចូលរួមរបស់ប្រជាពលរដ្ឋនៅមានកម្រិត ក្នុងការផ្តល់ព័ត៌មានមុខសញ្ញាបើ ប្រាស់ និងជួញដូរគ្រឿងញៀន បទល្មើសគ្រឿងញៀន ប្រព្រឹត្តក្នុងភូមិសាស្រ្តស្មុគស្មាញ មានការលំបាកក្នុងការ បង្ការទប់ស្កាត់ និងបង្ក្រាប

-ខ្វះមណ្ឌលអប់រំ កែប្រែ ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន

-ខ្វះមន្ត្រីបច្ចេកទេស ក្នុងការត្រួតពិនិត្យរកសារធាតុញៀន និងសារធាតុគីមីផ្សំ សម្រាប់ផលិតគ្រឿងញៀន

ដំណោះស្រាយ

-ត្រូវប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីទប់ស្កាត់ការផលិត ការប្រើប្រាស់ ការជួញដូរ និងសេពគ្រឿងញៀន

-គ្រប់សមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងមន្ទីរ អង្គភាព ត្រូវបង្កើនការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សឱ្យបានយល់ដឹងអំពីភាពគ្រោះថ្នាក់នៃគ្រឿងញៀន សំណូមពរ

-ស្នើសូមដល់រាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាពបង្កើតមណ្ឌល អប់រំបន្សាបព្យាបាលអ្នកញៀនគ្រឿងញៀន ផ្ដល់សម្ភារ មធ្យោបាយ សម្រាប់បម្រើដល់ប្រតិបត្តិការ និងផ្តល់វគ្គបណ្តុះបណ្តាលដល់មន្ត្រីជំនាញ

ក្រុមពិភាក្សាទី២៖ ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ

បញ្ហាប្រឈម

-ល្បែងឆ្នោតអនឡាញឡូតូ ដែលមានអាជ្ញាប័ណ្ណបង្កប់នូវល្បែងស៊ីសងផ្សេងៗ

-ប្រជាពលរដ្ឋនៅមានលួចំលេងល្បែងស៊ីសងនៅតាមខ្នងផ្ទះក្នុងភូមិសាស្ត្រមួយចំនួន

ដំណោះស្រាយ

-បន្តខិតខំទប់ស្កាត់ និងបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់

-ខិតខំអប់រំណែនាំដល់ប្រជាពលរដ្ឋកុំឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅតាមមូលដ្ឋាន

ក្រុមពិភាក្សាទី៣៖

ការជួញដូរមនុស្សគប់ទម្រង់ និងការធ្វើអធិការកិច្ចអត្តពលករបរទេស :

បញ្ហាប្រឈម

-ម្ចាស់ក្រុមហ៊ុន និងអាជីវកម្ម សេវាកម្មក្នុងវិស័យទេសចរណ៍មួយចំនួនពុំទាន់ មានកិច្ចសហការបានជិតស្និទ្ធក្នុងការផ្តល់ទិន្នន័យវត្តមានរបស់ជនបរទេស

-កម្មវត្ថុនៃបណ្ដឹងចាប់បង្ខាំងមនុស្សមិនច្បាស់លាស់បណ្តាលអោយមានការលំបាក ក្នុងការស្រាវជ្រាវប្រជាពលរដ្ឋមិនទាន់យល់ច្បាស់ អំពីល្បិចកលរបស់មេខ្យល់ និងមានការពិបាក ស្រាវជ្រាវរកមេខ្យល់

-និយោជករោងចក្រ និងសហគ្រាសមួយចំនួន លាក់កម្លាំងពលកម្មបរទេស រាយការណ៍ចំនួនមិនពិត គេចវេសពេលសមត្ថកិច្ចចុះត្រួតពិនិត្យ និងមិនមាន កិច្ចសហការល្អជាមួយក្រុមអធិការកិច្ច

ដំណោះស្រាយ

-បន្តខិតខំផ្សព្វផ្សាយអប់រំដល់ម្ចាស់គ្រឹះស្ថាន និងទីតាំងអាជីវកម្មគ្រប់ប្រភេទឱ្យ យល់ច្បាស់អំពី ច្បាប់ស្តីពីការងារ ច្បាប់ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋាន គតិយុត្តសំខាន់ផ្សេងៗទៀតដែលពាក់ព័ន្ធ

-ពង្រឹងកម្លាំងការពារព្រំដែន និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំង ការពារព្រំដែននៃប្រទេសជិតខាង ដើម្បីរួមគ្នាទប់ស្កាត់ការលួចចេញ-ចូល ឆ្លងដែនខុសច្បាប់ និងទប់ស្កាត់អំពើរត់ពន្ធមនុស្សឆ្លងដែន និង ការជួញដូរ មនុស្សគ្រប់ទម្រង់។

សម្តេចពិជ័យសេនា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ! គណៈអធិបតី និងអង្គសន្និបាតទាំងមូល ជាទីគោរព និងជាទីមេត្រី ! តាមរយៈបញ្ហាប្រឈម ដែលបានរកឃើញខាងលើ អង្គសន្និបាតបានប្ដេជ្ញាចិត្តរួមគ្នាជា កម្លាំងសរុប មធ្យោបាយសរុប ខិតខំដោះស្រាយបញ្ហាទាំងអស់ខាងលើនេះ និងបញ្ហាខ្វះខាតដ៏ទៃទៀតដែលអនុវត្តពុំទាន់បានល្អក្នុងឆ្នាំកន្លងទៅ ដោយត្រូវខិតខំបន្ថែមទៀតក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ

ការផ្តល់សេវានានាជូនប្រជាពលរដ្ឋ ការលើកស្ទួយវិស័យសេដ្ឋកិច្ចសង្គម សំដៅបង្កើតឱ្យមានសុខដុមនីយកម្ម និងការអភិវឌ្ឍលើ គ្រប់វិស័យលើទឹកដីខេត្តកោះកុង។

ជាមួយគ្នានេះ អង្គសន្និបាតទាំងមូលក៏បានប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹង និងចូលរួម អនុវត្តដោយសកម្មក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ការអនុវត្ត កំណែទម្រង់ស៊ីជម្រៅ និងការអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ។

ជាថ្មីម្ដងទៀត នាងខ្ញុំសូមគោរពថ្លែងអំណរគុណ ចំពោះ សម្តេចពិជ័យសេនា ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកោះកុងដ៏អធិកអធមនេះ និងសូមថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូក្រសួងមហាផ្ទៃ ប្រតិភូក្រសួងការពារជាតិ

ដែលបានអញ្ជើញចូលរួមជាគណៈអធិបតី និងជាភ្ញៀវកិត្តិយសក្នុងពិធីបិទសន្និបាតនាពេលនេះ។

ជាទីបញ្ចប់ នាងខ្ញុំសូមគោរពជូនពរ សម្ដេចពិជ័យសេនា សូមបានជួបតនឹងវិបុល សុខគ្រប់ប្រការ និងសូមគោរពជូនពរ ឯកឧត្តម លោកជំទាវ គណៈអធិបតី ភ្ញៀវកិត្តិយស និងសមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូល សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមជួបប្រទះនូវពុទ្ឋពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ដើម្បីឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធនៃអង្គសន្និបាតទាំងមូល មានមូលដ្ឋានក្នុងការអនុវត្តការងារឱ្យកាន់តែបានល្អប្រសើរ នាងខ្ញុំសូមអនុញ្ញាតគោរពអញ្ជើញ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុងមេត្តាផ្តល់នូវមតិសំណេះសំណាល និងប្រសាសន៍ដឹកនាំ ដល់អង្គសន្និបាតទាំងមូល៕