2023-10-06 03:10
239

ភ្នំពេញ៖     សាលារាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុង ចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនគិតថ្លៃក្នុងរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដើម្បីជួយសម្រួលដល់ការចំណាយ ជូនបងប្អូនកម្មករ-កម្មការិនី និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុង ចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋក្នុង ការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ»។

សកម្មភាពរថយន្តក្រុងទាំង ៤៥៥គ្រឿង ដោយក្នុងនោះ៖ ទី១- សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ដោយប្រើប្រាស់រថយន្តក្រុង ចំនួន ៦០គ្រឿង និងទី២- សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តនានា និងពីបណ្តាខេត្តត្រលប់មករាជធានីភ្នំពេញវិញ ដោយប្រើប្រាស់រថយន្តក្រុង ចំនួន ៣៩៥គ្រឿង ដែលមានគោលដៅគផ្លូវជាតិសំខាន់ទៅកាន់គោលដៅគ្រប់ខេត្ត៕