2023-07-03 03:07
150

ភ្នំពេញ​៖​ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ នៃក្រសួងមហាផ្ទៃ​ នៅព្រឹក​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញ​ បានបង្ហាញ​មុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ​២នាក់​ ជាសាធារណៈ​ មុននិងបញ្ជូនខ្លួនទៅ​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​ ក្រោយ​សាកសួរ​បញ្ចប់​នីតិវិធី​។ 

នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ បានឱ្យដឹងទៀតថា​ កម្លាំងជំនាញនៃ​ នាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ​បង្រ្កាបបានហេីយករណីឆក់កាបូបស្ពាយពីនារីរងគ្រោះ (ជាជនបរទេស) ម្នាក់នៅចំនុចផ្លូវ​លេខ១០៥កែង​ផ្លូវលេខ៣១០​ ក្នុងសង្កាត់បឹងកេងទី២​ ខណ្ឌបឹងកេងកង​។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌​ និងចង្អុលបង្ហាញបញ្ជាដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ។

ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ ជានាយការិយាល័យ​ ដោយមានការចូលរួមសហការពីលោក​ វរសេនីយ៍ទោ​ ប៊ុត​ សុីម៉េង​ នឹងកម្លាំងជំនាញនៃអធិការនគរបាលខណ្ឌបឹងកេងកង​ បានធ្វេីការស្រាវជ្រាវ នឹងបេីក​ការ​ស៊េីបអង្កេត​កំណត់មុខ​សញ្ញា នៅថ្ងៃទី២៩ ខែមិថុនា​ ឆ្នាំ២០២៣​ វេលាម៉ោង១៥៖២៦នាទី​ត្រង់ចំណុច​ផ្លូវ​ជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ​ បានធ្វេីឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់នេះ​រួមមាន​៖​ ១.ឈ្មោះ រឿន​ សារ៉ាយ​ ហៅ​ រ៉ៃ ភេទប្រុស​ អាយុ២៥ឆ្នាំ​ ជនជាតិខ្មែរ​ និង២.ឈ្មោះ​ អេង​ ដេវិត​ ហៅ​ រម្យ​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ ជនជាតិខ្មែរ​។ 

សូមជម្រាបជូនថា​ ជនសង្ស័យធ្លាប់ធ្វើសកម្មភាព៖ នៅថ្ងៃទី១០​ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១២៖១៥នាទី​ បានធ្វេីសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់(ជាជនបរទេស)កំពុងដេីរតែមិនបានសំរេចនៅចំណុច​ផ្លូវលេខ​១០៥កែងផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ។

ដោយឡែក​នៅថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០២៣​ វេលាម៉ោង១៤:១៥នាទី​ បានធ្វេីសកម្មភាពយកទូរស័ព្ទដៃពីនារីរងគ្រោះកំពុងជិះម៉ូតូកង់បីឥណ្ឌាបានសម្រេចនៅចំណុចផ្លូវលេខ៩៥កែងនឹងផ្លូវលេខ៣៣០​ ក្នុងសង្កាត់បឹងកេងកងទី៣​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ។ 

សម្ភារៈ​ដកហូតរួមមាន៖ ម៉ូតូម៉ាក​ ស៊ុយស៊ូគីនិច ពណ៌ស​ ផលិតឆ្នាំ២០២៣​ ពាក់ស្លាកលេខ​ ភ្នំពេញ​1JW-0681​។ 

បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាង​ នៅព្រឹកថ្ងៃទី០៣​ ខែកក្ដដានេះ ត្រូវការិយាល័យបញ្ជូនខ្លួន​ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​៕