2024-03-04 02:03
52

(បាត់ដំបង) បើទោះបីជាមានការបង្ក្រាបជាញឹកញាប់ពីសំណាក់សមត្ថកិច្ចទៅលើរថយន្តធុនធំដែលបើកចូលក្រុងយ៉ាងណាក៏ដោយ ក៏គេនៅតែសង្កេតឃើញថារថយន្តធំៗនៅតែបន្តបើកចូលក្រុងយ៉ាងរំភើយ មិនខ្វល់ពីវិធានការហាមឃាត់របស់អាជ្ញាធរខេត្តនោះឡើយ ខណៈសមត្ថកិច្ចក៏ឃើញឈរជើងស្ទើរគ្រប់គោលដៅថែមទៀតផង។

ជាក់ស្តែងកាលពីចុងសប្តាហ៍កន្លងទៅនេះគេឃើញរថយន្តធន់ធំបានបើកបរចូលក្រុងនិងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ។ ហើយបញ្ហានេះប្រជាពលរដ្ឋក៏ដាក់ការសង្ស័យថា រថយន្តធុនធំ ដែលបើកបរចូលក្រុងបានទាំងថ្ងៃដោយរលូនទាំងនេះប្រហែលជាមានសែស្រឡាយធំឬមួយជាថ្នូរនិងអ្វីមួយហើយបានជាហ៊ានបំពានបំរាបរបស់រដ្ឋបាលខេត្តយ៉ាងនេះចំណែកនៅតាមដងផ្លូវរថយន្តដឹកសំពីងសំពោងក៏នៅតែឃើញធ្វើចរាចរណ៍ដដែល នៅឡើយ ។

ពាក់ព័ន្ធទៅករណីរថយន្តធំចូលក្រុងទាំងថ្ងៃនេះ លោក ចាន់សុធី ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអោយដឹងថា កន្លងមកលោកបានបញ្ជាអោយកម្លាំងចុះទៅឃាត់ជាញឹកញាប់ប៉ុន្តែអ្នកល្មើសនៅតែបំពាន              ចំណែករថយន្តដឹកសំពីងសំពោងវិញលោកថានិងចាត់វិធានការឲ្យបានតឹងរឹងបំផុត។