2024-01-09 12:01
73

ភ្នំពេញ ៖ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ នៅជាប់ផ្លូវលេខ៣៥៧ ក្រុម៤ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញអគ្គិភ័យមួយបានឆាបឆេះផ្ទះឈើប្រក់ស័ង្កសីមួយកន្លែងយ៉ាងសន្ធោសន្ធៅ ខណៈម្ចាស់ផ្ទះរវល់ទៅលក់ដូរ រកស៊ី  ហើយចាក់សោចោល ។

    សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ហ៊ុយ ណាវី ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នករត់ម៉ូតូកង់បី រីឯផ្ទះដែលឆាបឆេះជាប្រភេទសំណង់ធ្វើអំពីឈើប្រក់ស័ង្កសី ទំហំ ០៤ម៉ែត្រx ១០ម៉ែត្រ។ 

  តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គឺផ្ទះរងគ្រោះខាងលើត្រូវបានម្ចាស់ទុកកូនប្រុសម្នាក់អាយុប្រហែល១២ឆ្នាំទៅ១៣ឆ្នាំ ឱ្យនៅចាំផ្ទះ  ដោយសារពួកគាត់ជាប់រវល់ធ្វើការរកស៊ីលក់ដូរ លុះមកដល់ម៉ោងកើតហេតុ ពួកគាត់ពុំដឹងថាមានបញ្ហាអ្វីកេីតឡើងនោះទេ ក៍ស្រាប់តែឃើញមាន អណ្ដាតភ្លើងឆាបឆេះហុយខ្មួលខ្មាញ់ធ្វើអោយភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរខាងនាំគ្នាឆោឡោ និងយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់អស់ជាច្រើនបំពង់តែមិនអាចទប់នឹងស្ថានការណ៍បាន ទេីបពួកគាត់រាយការណ៍ជូនកម្លាំងសមត្ថកិច្ចដេីម្បីសុំជំនួយរថយន្ដពន្លត់អគ្គិភ័យអោយមកជួយធ្វើអន្តរាគមន៍ផងដែរ  ។ 

   បន្តិចក្រោយមកក៏ឃើញមានរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ជាច្រើនគ្រឿង ជាបន្តបន្ទាប់គ្នាទៅដល់កន្លែងកើតហេតុចំនួន៩គ្រឿង ក្នុងនោះមានរថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ០៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០២ឡាន, រថយន្តជំនួយអន្តរាគមន៍, រថយន្តពន្លត់អគ្គិភ័យទីក្រុងនរាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន, រថយន្តពន្លត់អគ្គិភ័យទីក្រុងកោះពេជ្រចំនួន ០១គ្រឿង ពុំបានប្រើប្រាស់ទឹក, រថយន្តពន្លត់អគ្គិភ័យបុរីប៉េងហួតចំនួន ០២គ្រឿង ពុំបានប្រើប្រាស់ទឹក បានសហការគ្នាបាញ់ទឹកពន្លត់រហូតដល់ម៉ោង៧យប់ថ្ងៃដដែល ទើបធ្វើអោយភ្លើងរលត់ទៅវិញជាស្ថាពរ ។ 

   ក្នុងករណីនេះដែរសមត្ថកិច្ចបានអោយដឹងថា ពុំមានការរាលដាលឆេះដល់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋណាផ្សេងនោះទេ ហើយក៍គ្មានគ្រោះថ្នាក់មនុស្សណាម្នាក់នោះដែរ  គឺគ្រាន់តែខូចសម្ភារនិង ឆេះផ្ទះឈើប្រក់ស័ង្កសី ទំហំ ០៤ម៉ែត្រx១០ម៉ែត្រ ចំនួន០១ខ្នងប៉ុណ្ណោះ។ ចំពោះមូលហេតុវិញគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីទេីបបង្កអោយមានការឆាបឆេះបែបនេះ ៕