2023-04-10 08:04
366

ភ្នំពេញ៖ លទ្ធផលបឋម នៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគៀងសែនជ័យ នៃខេត្តក្រចេះ គឺគណបក្សប្រជាជនកម្ពុជា បាននាំមុខគណបក្សភ្លើងទៀន ទាំង៥មណ្ឌល។

បើយោងតាមលទ្ធផលឋមដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រលប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា សម្រាប់ខេត្តកណ្តាល មានមណ្ឌលបោះឆ្នោតចំនួន២ គឺមណ្ឌលក្រុងអរិយក្សត្រ និងក្រុងសំពៅពូន។

ជាលទ្ធផលសម្រាប់មណ្ឌលទាំង២នេះ មណ្ឌលក្រុងអរិយក្សត្រ គណបក្សប្រជាជនកម្ពុជា ទទួលបាន៥៤សំឡេង, គណបក្សភ្លើងទៀន ទទួលបាន១១សំឡេង ខណៈគណបក្សហ៊្វុនស៉ិនប៉ិច មិនទទួលបានសំឡេង។ ដោយឡែកក្រុងសំពៅពូន គណបក្សប្រជាជនកម្ពុជា ទទួលបាន ៣៧សំឡេង, គណបក្សភ្លើងទៀន ទទួលបាន១៤សំឡេង ខណៈគណបក្សហ្វុនស៉ិនប៉ិច មិនទទួលបានសំឡេង។

សម្រាប់ខេត្តកំពង់ស្ពឺ គឺមាន២មណ្ឌល រួមមាន៖ ក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ។ ជាលទ្ធផលសម្រាប់មណ្ឌលទាំង ២នេះ មណ្ឌលក្រុងឧដុង្គម៉ែជ័យគណបក្សប្រជាជនកម្ពុជា ទទួលបាន ៣២សំឡេង, គណបក្សភ្លើងទៀន ទទួលបាន ០៥សំឡេង ខណៈគណបក្សហ៊្វុនស៉ិនប៉ិច មិនទទួលបានសំឡេង។ 

ដោយឡែកមណ្ឌលស្រុកសាមគ្គីមុនីជ័យ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦២សំឡេង, គណបក្សភ្លើងទៀន ទទួលបាន ០៦សំឡេង ខណៈគណបក្សហ៊្វុនស៉ិនប៉ិច មិនទទួលបានសំឡេង។

សម្រាប់ខេត្តក្រចេះ មាន១មណ្ឌល គឺមណ្ឌលស្រុកអូរគៀងសែនជ័យ គណបក្សប្រជាជនកម្ពុជា ទទួលបាន ២៤សំឡេង, គណបក្សភ្លើងទៀន ទទួលបាន ០១សំឡេង ខណៈគណបក្សហ៊្វុនស៉ិនប៉ិច មិនទទួលបានសំឡេង។

សូមជម្រាបថា នៅថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣ ជាថ្ងៃបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្ដាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ដែលទើបត្រូវបានបំបែក និងបង្កើតថ្មី។

ការិយាល័យបោះឆ្នោតទាំង៥ ការិយាល័យ បានបើកដំណើរការព្រមៗគ្នានៅវេលាម៉ោង ៧:០០នាទីព្រឹក សម្រាប់ឱ្យអង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខតំណែង ចំណុះឱ្យក្រុង ស្រុក ពាក់ព័ន្ធ ធ្វើការបោះឆ្នោតតាមការកំណត់នៃច្បាប់។

ការិយាល័យបោះឆ្នោតទាំងអស់ត្រូវបានបិទបញ្ចប់ការបោះឆ្នោត នៅម៉ោង ៨:២៥នាទី ដោយសារអ្នកបោះឆ្នោតបានមកបោះឆ្នោតគ្រប់ចំនួន ហើយគណៈកម្មការការិយាល័យបោះឆ្នោត បានបន្តនីតិវិធី ដើម្បីរាប់សន្លឹកឆ្នោតជាបន្តបន្ទាប់។

សម្រាប់ដំណើរការនៃការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង៕