2023-07-06 07:07
132


(ខេត្តកែប)    នាថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៣នេះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី បានលើកឡើងថា តាំងពីឆ្នាំ ២០១៧មក ក្រសួងជំនាញ បានផ្តល់សិទ្ធវិនិយោគ ទឹកស្អាត ជូនក្រុមហ៊ុនរបស់ លោកស្រី អ៊ុក សោភា (រយៈពេល២០ឆ្នាំ) ក្នុងការផលិតទឹកស្អាត និងលក់ទៅឲ្យប្រជាពលរដ្ឋប្រើប្រាស់ នៅទូទាំង ១១ភូមិ ក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប តែមិនមានលទ្ធផលអ្វីជាដុំកំភួន រហូតដល់ឆ្នាំ ២០២២ ក្រុមហ៊ុនខាងលើបានផ្ទេរសិទ្ធវិនិយោគនេះទៅឲ្យក្រុមហ៊ុនលោកស្រី វង្ស សោភ័ណ ក្នុងការបន្តផលិត និងចែកចាយទឹកស្អាតនេះ។


តែទោះជាយ៉ាងណា កិច្ចការរបស់ក្រុមហ៊ុនទទួលសិទ្ធិបន្តខាងលើ ក្នុងការចែកចាយទឹកស្អាត ហាក់នៅស្រពិចស្រពិល ដូចជាការរកប្រភពទឹកសម្រាប់ផ្គត់ផ្គង់ជាដើម ដែលនេះជាហេតុបន្តការរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍ របស់មូលដ្ឋានស្រុកដំណាក់ចង្អើរ ស្របពេលដែលគម្រោងធំៗជាច្រើន កំពុងសំឡឹងមកបោះទុនវិនិយោគទីនេះ រាប់តាំងពីសណ្ឋាគារឡើង។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងនាពេលថ្មីៗនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងមួយខ្សែនៅភូមិអង្កោល យ៉ាងនេះថា «យ៉ាងយូរត្រឹមឆ្នាំក្រោយ (២០២៤) ទុយោទឹកស្អាតត្រូវតែមកដល់ឆ្នេរអង្កោល ក្រសួងមិនអាចបន្តភាពយឺតយ៉ាវក្នុងការរុញទឹកស្អាតរបស់ក្រុមហ៊ុនដែលបានសិទ្ធិវិនិយោគទៀតនោះទេ ព្រោះការបន្តពន្យាពេលរុញទឹកស្អាតចូលមកតំបន់អង្កោលនេះ អាចបន្តរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍នូវមូលដ្ឋានស្រុកដំណាក់ចង្អើរ ជាពិសេសឆ្នេរអង្កោលតែម្តង។
លោកបន្តថា យើងត្រូវតែត្រួតពិនិត្យឡើងវិញ ការដែលឲ្យអាជ្ញាប័ណ្ណទឹកស្អាតដែលធ្វើនៅស្រុកដំណាក់ចង្អើរនេះ បើក្រុមហ៊ុនមិនមានលទ្ធភាពធ្វើបានទេ យើងនឹងយកទឹកពីទំនប់ប្រឡាក់ក្រឡាខេត្តកំពត ចូលមកទីនេះតែម្តង យើងមិនអាចរង់ចាំបានទៀតនោះទេ ព្រោះយើងត្រូវការអភិវឌ្ឍន៍។
គួរបញ្ជាក់ថា រាល់រដូវប្រាំង ប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានស្រុកដំណាក់ចង្អើរខេត្តកែប តែងជួបបញ្ហាកង្វះទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ រដូវអត់ភ្លៀងពលរដ្ឋតាមភូមិនីមួយៗ ប្រើប្រាស់ទឹកអណ្តូង ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា ផ្តល់ជូន តែមិនអាចបង្រ្គប់តម្រូវការបស់ពលរដ្ឋបាននោះទេ។(សឹង រ៉ាត់)