2024-03-14 12:03
49

ខេត្តបាត់ដំបង ៖   នាព្រឹកថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយឯកឧត្តម ផេង សិទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានកិត្តិយស ស.អ.ក ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស ស.អ.ក.ខេត្ត ។

ចូលរួមជាសមាជិកនៃអង្គពិធីរួមមាន ឯកឧត្តម ប្រតិភូអមដំណើរ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត និងជាប្រធាន ស.អ.ក ខេត្ត លោកប្រធានមន្ទីរ-អង្គភាព និងជាអនុប្រធាន ស.អ.ក ខេត្ត សមាជិកអចិន្ត្រៃយ៍ ស.អ.ក ខេត្ក លោកប្រធាន-អនុប្រធាន និងសមាជិកលេខាធិការដ្ឋាន ស.អ.ក ខេត្ត និងអស់លោកប្រធាន-អនុប្រធាន ស.អ.ក ក្រុង-ស្រុកផងដែរ ។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ក៏បានប្រកាសតែងតាំង ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង ជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង បន្ទាប់ពីការអានសេចក្តីសម្រេចស្តីពីការទទួលស្គាល់អនុប្រធាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ដោយលោកវរសេនីយ៍ឯក វេ គឹមស៊ីម នាយការិយាល័យបុគ្គលិក និងជាប្រធានលេខាធិការដ្ឋាន ស.អ.ក ខេត្ត ។

បន្ទាប់ពីកិច្ចប្រជុំ និងពិធីប្រកាសតែងតាំងអនុប្រធាន ស.អ.ក ខេត្តរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ក៏បានអញ្ជើញត្រួតពិនិត្យការសាងសង់អាគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ដែលបានសាងសង់រួចប្រមាណ៩០ភាគរយ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នាពេលដ៏ខ្លីខាងមុខនេះផងដែរ ៕