2023-10-03 05:10
202

ភ្នំពេញ៖ មេខ្យល់ ០២នាក់ ប្តីប្រពន្ធដែលបានបោកប្រាស់នារីខ្មែរក្មេង ០៧នាក់យកទៅបម្រើការងារជានារីខារ៉ាអូខេ និងរៀបចំគម្រោងដើម្បីលក់បន្តទៅប្រទេសទី៣នោះ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន នៅខេត្តបន្ទាយមានជ័យ។ 

តាមប្រភពព័ត៌មានពីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នេះថា ជនសង្ស័យចំនួន ០២នាក់ប្តីប្រពន្ធ ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវ និងឃាត់បានហើយ នៅទឹកដីខេត្តបន្ទាយមានជ័យ។ 

សូមជម្រាបថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានទទួលព័ត៌មានពីគណនីហ្វេសប៊ុកឈ្មោះ Zeii Da សុំឱ្យជួយសង្គ្រោះនារីខ្មែរចំនួន ០៦នាក់ ដែលត្រូវពួកមេខ្យល់បោកប្រាស់យកទៅធ្វើការជានារីខារ៉ាអូខេ នៅប្រទេសឡាវ និងបម្រុងលក់ពួកនាងបន្តរទៅប្រទេសទី៣។
 
ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដោយសហការ ជាមួយស្ថានទូតកម្ពុជាប្រចាំនៅប្រទេសឡាវ អន្តរាគមន៍ជួយសង្រ្គោះ ជនរងគ្រោះ ស្រី ០៦នាក់ ក្នុងនោះអនីតិជន ចំនួន ០៤នាក់) និងបានធ្វើការឃាត់ខ្លួនជនប្រព្រឹត្តិល្មើសចំនួន ០២នាក់ ប្តីប្រពន្ធ នៅខេត្តបន្ទាយមានជ័យ។ 

បច្ចុប្បន្នជនរងគ្រោះអគ្គកុងស៊ុលនឹងសម្របសម្រួលបញ្ជូនមកកម្ពុជាវិញ ក្នុងរយៈពេលឆាប់បំផុតតាមដែលអាចធ្វើបាន។ ចំណែកជនសង្ស័យសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕