2024-03-27 01:03
30

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ អមដំណើរ ដោយលោកជំទាវ ញាន ទិត្យចិន្តា អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្តលោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំបី នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បាននាំយកអំណោយជាស្បៀងអាហារ របស់រាជរដ្ឋាភិបាលចែកជូនគ្រួសារ មានជីវភាព ខ្វះខាតជួបការលំបាក ចាស់ជរា ជនពិការ ស្រ្តីមេម៉ាយ កុមារកំព្រា ចំនួន១៥៣គ្រួសារនៅស្រុកអណ្តូងមាស។

បើតាមការលើកឡើង របស់លោក មាស សារ៉េត អភិបាលស្រុកអណ្តូងមាស បានអោយដឹងថា ប្រជាពលរដ្ឋដែលមាន ជីវភាពខ្វះខាតចំនួន ១៥៣គ្រួសារ ដែលអញ្ជើញមកទទួលអំណោយ នាពេលនេះ មកពីភូមិមួយចំនួនក្នុងឃុំ ទាំង៣របស់ស្រុកគឺឃុំម៉ាកិក ឃុំញ៉ាង និងឃុំតាឡាវ។ជំនួសមុខឱ្យប្រជាពលរដ្ឋ លោកអភិបាលស្រុកអណ្តូងមាស បានគោរពថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល គោរពអរគុណឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងថ្នាក់ដឹកនាំ គ្រប់លំដាប់ ថ្នាក់ដែលបានគិតគូយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជា ពលរដ្ឋស្រុកអណ្តូងមាស ដែលមានជីវភាពខ្វះខាត ហើយបាទទួលអំណោយជាស្បៀងអាហារយកទៅដោះស្រាយ ក្នុងជីវភាពរស់នៅបានមួយរយៈ។

មានប្រសាសន៍សំណេះសំណាលជាមួយពុកម៉ែ បងប្អូនទាំង១៥៣គ្រួសារនាឱកាសនេះឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចមហាវបរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនលោកតា លោកយាយ ពុក ម៉ែ បងប្អូនប្រជាពលដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរ អំពីសុខទុក្ខរបស់បងប្អូន ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏សម្តេចនៅតែរួមសុខរួមទុក្ខជាមួយបងប្អូនជានិច្ច។ 

ឯកឧត្តមបន្តថា ភាពក្រីក្រប្រទេសណាក៏មានដែរ ប៉ុន្តែទោះជាយ៉ាងក៏ដោយ អាជ្ញាធរមូលដ្ឋាន មិនដែលបោះបង់បងប្អូនចោលនោះឡើយ ហើយក៏មិនទុកឱ្យបងប្អូនណាម្នាក់ស្លាប់ ដោយគ្មានអាហារហូបនោះទេ។ នេះហើយជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ចាប់តាំងពីថ្នាក់លើរហូតដល់ថ្នាក់ឃុំ ភូមិ គឺជាអ្នកដែលនៅជាមួយបងប្អូន រួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈ។ហើយ អំណោយទាំងអស់នេះ គឺគ្រាន់តែជួយដោះស្រាយការលំបាកបានមួយគ្រាប៉ុណ្ណោះ កត្តាដែលសំខាន់នោះសូមឱ្យបងប្អូនរកទទួលទានដោយខ្លួនឯងបន្ថែមទៀត ទើបធ្វើឱ្យជីវភាពគាប់ប្រសើរ។

សូមបញ្ជាក់ផងដែរថា អំណោយរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ខេត្តរតនគិរីនាពេលនេះ ត្រូវបានចែកជូនប្រជាពលរដ្ឋ ទាំង១៥៣គ្រួសារក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេសតូច ត្រីខ១យួរ ភួយ១និងមុង១ ៕