2024-03-07 02:03
64

ខេត្តក្រចេះ ៖      នារសៀលថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តក្រចេះ បើកប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្ត ដែលដឹកនាំដោយលោក ហេង សុថា អភិបាលខេត្តស្តីទី ។ 

  មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក ហេង សុថា អភិបាលខេត្តស្តីទី បានជម្រុញណែនាំដល់អាជ្ញាធរគ្រប់បណ្តាក្រុងស្រុក  និងមន្ទីរអង្គភាពពាក់ព័ន្ធ សូមពិនិត្យមើលលើបញ្ហាល្បែងស៊ីសងដែលគ្មានអាជ្ញាប័ណ្ណ និងគ្មានច្បាប់អនុញ្ញាត -បញ្ហាទំនាស់ដីធ្លី ដីព្រៃសហគមន៍-បញ្ហាបច្ចុប្បន្នភាពរបស់គ្រូបង្រៀនដែលផ្ទេរ -គ្រូបង្រៀនដែលអសកម្ម ជាពិសេសពាក់ព័ន្ធការសារធាតុញៀន ។

លោកបន្តថា ៖ គ្រប់ស្រុកក្រុង ត្រូវពិនិត្យណែនាំដល់អាជ្ញារធរភូមិឃុំ សូមប្រុងប្រយ័ត្នការចុះហត្ថលេខាឯកសារផ្ទេរ កាន់កាប់ ទិញលក់ដីចំណីធ្វើកសិកម្ម ឬដីព្រៃសហគមន៍របស់រដ្ឋក្នុងការអភិវឌ្ឍន៍ -ស្នើសុំឲ្យបងប្អូនមន្រ្តីរាជការសាធារណ: សូមមកចុះឈ្មោះធ្វើប័ណ្ណថែទាំសុខភាព នៅបេឡាជាតិសន្តិសុខសង្គម ឲ្យកូនចៅសមាជិកក្នុងបន្ទុកឲ្យបានគ្រប់គ្នា ដោយ ប.ស.ស បានបន្ថែមម៉ោងធ្វើការនៅថ្ងៃចុងសប្តាហ៍ បន្ទាប់សម្រាកពីការងារ ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តបច្ចកោណរបស់រាជរដ្ឋាភិបាល ស្តីពីរបបថែទាំសុខភាពជូនមន្រ្តីរាជការសាធារណ: ។

  ក្នុងនោះដែរលោក អភិបាលរងខេត្ត ក៏បានស្នើរដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការផ្សព្វផ្សាយនូវគោលយោបាយភូមិឃុំមានសុវត្ថិភាព និងថែទាំចលនាកម្លាំងប្រជាការពារ ដែលជាកម្លាំងសំខាន់ក្នុងចំណែកបម្រើនិងសម្រួលការងារសន្តិសុខមូលដ្ឋាន និងគៀងគរជំនួយឧបត្ថម្ភគាំទ្រដើម្បីជួយសម្រួលដល់សកម្មភាពបំពេញការងាររបស់ពួកគាត់ និងពង្រឹងការផ្សព្វផ្សាយ និងចាត់វិធានការទប់ស្កាត់លើការរំលោភនិងសាងសងសំណង់លើចំណីផ្លូវសាធារណ: បញ្ចៀសការប៉ះពាល់ ទំនាស់ជាមួយប្រជាពលរដ្ឋ និងការខាតបង់ទ្រព្យសម្បត្តិ ហើយត្រូវត្រៀមបង្ការថែទាំគ្រប់ទឹកប្រើប្រាស់លើការងារកសិកម្មរដូវប្រាំង សូមពិនិត្យនិងពង្រឹងផ្សព្វផ្សាយឥ្យដល់មូលដ្ឋានប្រជាពលរដ្ឋ ជៀសវាងការធ្វើកសិកម្ម នៅតំបន់ងាយរងការងារខ្វះប្រភពទឹក ៕ណូរិទ្ធ (ក្រចេះ)