2024-04-04 12:04
61

ភ្នំពេញៈ យុវជនម្នាក់បានស្លាប់ភ្លាមៗ យ៉ាងអាណោចអធម៌ ចំណែកម្នាក់ទៀតបានរងរបួសធ្ងន់ ខណៈព្យាយាមជិះម៉ូតូរត់គេចពីក្រុមជនសង្ស័យមួយក្រុមដែលជិះម៉ូតូប្រដាប់ដោយដាវសាំម៉ូរ៉ៃ ដេញកាប់ ពីក្រោយបណ្តាលឲ្យដួល ។ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៤ ខែ                មេសាឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាសពជនរងគ្រោះដែលស្លាប់ មានឈ្មោះ រ៉ាត់ សំណាង ភេទប្រុសអាយុ ១៨ឆ្នាំមានទីលំនៅ នៅភូមិក្រសាំងទង ភូមិនគរាជ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។
ប្រភពបន្ថែមថាមុនពេលកើតហេតុគេឃើញជនរងគ្រោះទាំងពីរនាក់ខាងលើនេះបានជិះម៉ូតូ ឌុបគ្នាចេញពីក្លិបកម្សាន្តមួយកន្លែងនៅម្តុំផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ខណៈនោះដែរស្រាប់តែមានជនសង្ស័យមួយក្រុមប្រដាប់ដោយកាំបិតនិងដាវជិះម៉ូតូ៥គ្រឿងបានជិះដេញកាប់ជនរងគ្រោះពីក្រោយយ៉ាងប្រផាប់ប្រភីង គ្រានោះជាហេតុធ្វើឲ្យជនរងគ្រោះភ័យក៏បានព្យាយាមជិះម៉ូតូរត់គេច រហូតដល់ផ្លូវមហាវិថីឈ្នះឈ្នះក៏បណ្តាលឲ្យបុកជាមួយនិងឃឿនថ្ម ដួលបោកក្បាលស្លាប់ម្នាក់ភ្លាមៗចំណែកម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានគេជួយដឹកតាមម៉ូតូកង់៣បញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ ដើម្បី ស្វែងរកចាប់ខ្លួនក្រុមជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។