2023-07-31 02:07
279

កំពត៖ ក្រុមអ្នកជួយសង្គ្រោះកំពុងដុតដុតដៃដុតជើងក្នុងរុករកជនរងគ្រោះម្នាក់ ដែលបាត់ខ្លួនក្នុងហេតុការណ៍ខ្សល់បោកធ្លាក់ជ្រោះឱម៉ាល់ហើយទឹកហូរនាំយកទៅពេលកំពុងដេកលង់លក់ ខណៈនាំគ្នាទៅបោះតង់ក្នុងព្រៃ។

 ប្រតិបត្តិការស្វែងរកជនរងគ្រោះដែលបាត់ខ្លួន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមការដឹកនាំដោយផ្ទាល់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត សហការជាមួយកម្លាំងមានសមត្ថកិច្ចចម្រុះជាច្រើនទៀត។

 លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពត បានសរសេរថា «ព្រឹកនេះខ្ញុំចាប់ផ្តើមដឹកនាំកំលាំងស្វែងរកប្អូនស្រីដែលរងគ្រោះនៅលើជ្រោះឱម៉ាល់បន្តទៀត»។ 

 លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់ឱ្យថា «ជនរងគ្រោះម្នាក់ បានបាត់បង់ជីវិត ត្រូវបានអាជ្ញាធរស្វែងរកឃើញ និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយជនរងគ្រោះម្នាក់ទៀត ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ខណៈយុវតីម្នាក់ទៀតបានបាត់ខ្លួន»។ 

 លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានឲ្យដឹងទៀតថា «ជនរងគ្រោះបាននាំគ្នាជាក្រុមទៅបោះតង់ នៅរមណីយដ្ឋានទឹកជ្រោះឱម៉ាល់ជាមួយនឹងគ្នា សរុបចំនួន ៥៣នាក់ ដោយជនរងគ្រោះបានទៅបោះតង់គេងចំផ្លូវទឹកជ្រោះហូរ ខណៈកាលពីយប់មិញនៅវេលាម៉ោង៣យប់មានភ្លៀងធ្លាក់ខ្លាំង ទើបបណ្តាលឱ្យទឹកហូរគួចយកជនរងគ្រោះទៅដោយទាំងតង់តែម្តង»។ 

 សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ មានភ្ញៀវទេសចរប្រុស ស្រី ចំនួន ៤៣នាក់ បានទៅកម្សាន្តដោយបោះតង់ នៅរមនីយដ្ឋានជ្រោះឱម៉ាល់ ស្ថិតនៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត ដោយក្នុងយប់នោះមានភ្លៀងខ្លាំងមានទឹកមកពីផ្នែកខាងលើហូរបុកចំតង់ទឹកហូរអូសធ្លាក់ជ្រោះតែម្តង។

 ក្រោយទទួលបានព័ត៌មានភ្លាមៗ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានសហការគ្នាស្វែងរកអ្នកដែលបានបាត់ខ្លួនតាំងពីយប់ រហូតដល់រសៀលថ្ងៃទី៣០ ខែកក្កដា កម្លាំងចម្រុះនៃអាជ្ញាធរស្រុកបានរកឃើញសពនារីម្នាក់ និងអ្នករងរបួស ០២នាក់ ខណ:ដែលនារីម្នាក់ទៀត បាត់ខ្លួននៅឡើយ។ 

 សមត្ថកិច្ចបានឱ្យដឹងថា នារីដែលបានស្លាប់មានឈ្មោះ កែន ស្រីរត្ន័ អាយុ ១៩ឆ្នាំ។ ចំណែកអ្នករងរបួស ឈ្មោះ សុង ទីមធន ភេទប្រុស អាយុ ២៣ឆ្នាំ និងឈ្មោះ សីហា ភេទប្រុស អាយុ ២២ឆ្នាំ។ ចំណែកនារីរងគ្រោះដែលបាត់ខ្លួនមានឈ្មោះ ផន ស្រីខួច អាយុ ១៩ឆ្នាំ កំពុងបន្តស្វែងរក។ ចំពោះអ្នករងគ្រោះទាំង ០៤នាក់ មានទីលំនៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ។

 សមត្ថកិច្ចបានអំពាវនាវដល់ភ្ញៀវទេសចរផ្អាកការមកបោះតង់លើជ្រោះឱមាល់ ពោលចាំពេលអាកាសធាតុល្អប្រសើរសិន៕