2024-03-05 08:03
65

នៅកិច្ចប្រជុំពាក់ព័ន្ធការងារត្រៀមរៀបចំបុណ្យទន្លេ នៅខេត្តសៀមរាបអាជ្ញាធរ              ខេត្ដ សៀមរាបបានលើកឡើងថាព្រឹត្ដិការណ៍បុណ្យទន្លេនឹងជួយជម្រុញដល់វិស័យទេសចរណ៍ឱ្យមានការកើនឡើងកាន់តែខ្ពស់ និងផ្ដល់ប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋក្នុងខេត្ដ ខណៈដែលក្រសួងទេសចរណ៍រំពឹងថា អ្នកទេសចរណ៍ប្រមាណជាង ១លាននាក់ នឹងទៅទស្សនាព្រឹត្ដិការណ៍បុណ្យទន្លេនេះ។
   នាយករដ្ឋបាលខេត្ដសៀមរាបលោក លី វណ្ណៈបានឱ្យដឹងនៅក្នុងកិច្ចប្រជុំត្រៀមលក្ខណៈ បុណ្យទន្លេកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ថាពិធីបុណ្យទន្លេលើកទី៨ ដែលនឹងប្រព្រឹត្ដនៅខេត្ដសៀមរាបរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ ខែមីនាឆ្នាំ២០២៤ ខាងមុខនេះ នឹងជួយជម្រុញដល់វិស័យទេសចរណ៍ខេត្ដសៀមរាបឲ្យកាន់តែកើនឡើងជា              បន្ដបន្ទាប់ ដោយគម្រោងបុណ្យទន្លេនេះ មានកម្មវិធីជាច្រើនសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិទៅទស្សនាផងដែរ ។
   លោក បានបន្ដថា តាមការរំពឹងទុករបស់ក្រសួងទេសចរណ៍ ពិធីបុណ្យទន្លេនេះ នឹងមានអ្នកទេសចរណ៍ប្រមាណជាមួយលាននាក់ទៅទស្សនា ដែលធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តនេះនឹងទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍នេះទន្ទឹមនិងនោះ អាជ្ញាធរខេត្ដបានត្រៀមលក្ខណៈបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ដែលបានមកចូលមកទស្សនា  កម្សាន្ត នៅក្នុងព្រិត្តការណ៍ខាងលើនេះ ឲ្យមានភាពល្អប្រសើរ។ 
   គួររំលឹកផងដែរថា ពិធីបុណ្យទន្លេលើកទី៨ នឹងត្រូវរៀបចំឡើងនៅតាមដងស្ទឹងខេត្ដ សៀមរាប ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” នៅក្នុងពិធីបុណ្យទន្លេនេះ ក្រសួងទេសចរណ៍រួមសហការជាមួយនឹងរដ្ឋបាលខេត្តសៀមរាបសហភាពសហព័ន្ធយុវជនកម្ពុជានិង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជនជាច្រើនគឺត្រូវចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ខាងមុខ នេះ។ 
  បើតាមគម្រោងនៃពិធីបុណ្យទន្លេ គឺមានការរៀបចំកម្មវិធីជាច្រើន រួមមានដូចជាពិព័រណ៌ម្ហូបខ្មែរ និងភ្លក់រស់ជាតិ ពិព័រណ៌ផលិតផលសហគមន៍តាមដងទន្លេ ប្រឡងអំណាន និងស្មូត ពិព័រណ៌រូបភាពជីវិតលើផ្ទៃទឹក ជិះទូកកំសាន្ដ ពិព័រណ៌សត្វស្លាប និងគំនូរ កម្មវិធីប្រដាល់ កម្មវិធីវាយកូនហ្គោល និងកម្មវិធីកំសាន្ដជាច្រើនទៀតផងដែរ ៕