2023-10-27 02:10
395

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣ លោក ថេង សុថុល ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ៧មករា និងលោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមខណ្ឌ បានដឹកនាំក្រុមការងារអនុសាខាខណ្ឌ អញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីព្រះបិដកធម្ម ម៉ៅ នីម រាជាគណៈថ្នាក់ចត្វា ព្រះអនុគណខណ្ឌ៧មករា និងជាព្រះចៅអធិការវត្តព្រះពុទ្ធមានបុណ្យ ព្រះមង្គលសត្ថា កង ណាម៉ានី រាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធរ ខណ្ឌ៧មករា និងជាព្រះចៅអធិការវត្តសំពៅមាស និងព្រះសរណបញ្ញា កង ស៊ីនួន រាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តមង្គលវ័ន ដែលប្រព្រឹត្តទៅនៅវត្តសំពៅមាស។

នាឱកាសនោះ ព្រះបិដកធម្ម ម៉ៅ នីម រាជាគណៈថ្នាក់ចត្វា ព្រះគ្រូអនុគណខណ្ឌ៧មករា និងជាព្រះចៅអធិការវត្តព្រះពុទ្ធមានបុណ្យ បានមានព្រះថេរដីកាកោតសរសើរ គាំទ្រ និងមានទឹកព្រះទ័យសោមនស្សរីករាយ ក្នុងការចូលរួមចំណែកលើកកម្ពស់កម្លាំងមនុស្សធម៌របសកាកបាទក្រហមកម្ពុជា ក៏ដូចជាអនុសាខាកាកបាទក្រហមខណ្ឌ៧មករា។

ជាការឆ្លើយតប ក្នុងនាមអនុសាខាកាកបាទក្រហម ខណ្ឌ៧មករា លោក ថេង សុថុល បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកក្រហមរាជធានីភ្នំពេញ ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅប្រគេន និងជូនចំពោះ ព្រះបិដកធម្ម ម៉ៅ នីម រាជាគណៈថ្នាក់ចត្វា ព្រះអនុគណខណ្ឌ៧មករា និងជាព្រះចៅអធិការវត្តព្រះពុទ្ធមានបុណ្យ ព្រះមង្គលសត្ថា កង ណាម៉ានី រាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធរ ខណ្ឌ៧មករា និងជាព្រះចៅអធិការវត្តសំពៅមាស និងព្រះសរណបញ្ញា កង ស៊ីនួន រាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តមង្គលវ័ន ព្រមទាំង ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្តទាំងអស់ ដែលតែងតែបានបរិច្ចាគទេយ្យទានជារៀងរាល់ឆ្នាំ មិនដែលខកខាន ចូលរួមចំណែកជាមួយអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដើម្បីអនុសាខាកាន់តែមានលទ្ធភាពបន្ថែមនាំយកទៅចាត់ចែងចែកជូនបន្តដល់ប្រជាពលរដ្ឋដែលជួបប្រទះនូវការលំបាក និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗជាដើម។

លោកប្រធានកិត្តិយស បានបន្តថា ជាការពិតណាស់វិស័យពុទ្ធចក្រ និងអាណាចក្រ មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ជាក់ស្តែងដូចជាទេយ្យទាននេះជាដើម គឺពុទ្ធបរិស័ទបាននាំយកមកប្រគេនព្រះសង្ឃ ហេីយពេលព្រះសង្ឃឃើញប្រជាពលរដ្ឋជួបទុក្ខលំបាក ព្រះអង្គក៏បានប្រគល់បន្តតាមរយៈកាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ពួកគាត់ ដែលនេះជាវប្បធម៌នៃការចែករំលែកល្អ ក្នុងការជួយគ្នាទៅវិញទៅមក របស់ប្រជាជនខ្មែរយើង។

ទន្ទឹមនឹងនេះ លោកប្រធានកិត្តិយស ក៏បានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះ ជួយឱ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឱ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាកាកបាទក្រហម។

ក្នុងនាមអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ៧មករា លោក ថេង សុថុល ថ្វាយបង្គំថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះចៅអធិការវត្ត ព្រះសង្ឃ គណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទចំណុះវត្តទាំង៣ ក្នុងមូលដ្ឋានខណ្ឌ៧មករា ដែលបានវេប្រកេនទេយ្យទាន ជូនអនុសាខាកាកបាទក្រហម ខណ្ឌ៧មករា សម្រាប់យកទៅបម្រើឱ្យការងារមនុស្សធម៌ ចែកជូនបងប្អូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ ខ្វះលទ្ធភាព និងចាស់ជរា ជនគ្មានទីពឹង ក្នុងមូលដ្ឋានខណ្ឌ៧មករា។

ទេយ្យទានដែលអនុសាខាបានទទួលទាំង ៣វត្ត សរុប ១០មុខ ដូចជា៖ អង្ករ ២៤បាវ, មី ៨១កេសតូច, ទឹកក្រូច ២៧កេស, ទឹកសុទ្ធ ២៧កេស, ទឹកត្រី ឬ ទឹស៊ីអ៉ីវ ៦០យួរ, ទឹកដោះគោ ៣៩០កំប៉ុង, ត្រីខ ៥៨៨ កំប៉ុង ស្ករស ៤២០កញ្ចប់, តែ ៤៥០កញ្ចប់ និង១០.បច្ច័យ ៦,០០០,០០០ រៀល៕