2023-09-27 04:09
158

(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញបន្តជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារស្ទឹង ក្នុងឃុំកោងកាង ស្រុកពញាក្រែក។

ក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំឱ្យរដ្ឋបាលស្រុក ពិសេសអ្នកគ្រប់គ្រងផ្សារ ត្រូវរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ ទាំងក្នុងផ្សារ និងជុំវិញផ្សារ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងមកទិញម្ហូបអាហារ ទំនិញផ្សេងៗ ពិសេសបង្កលក្ខណៈល្អប្រសើរសម្រាប់អាជីវករលក់ដូរ។

ជាការឆ្លើយតប ជាមួយស្នាមញញឹម ភាពសប្បាយរីករាយបងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារ បានទទួលស្វាគមន៍យ៉ាងរាក់ទាក់ស្និតស្នាល ដោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំខេត្ត ពិសេសលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ។

តមក លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្តដំណើរ ចុះសំណេះសំណាលបងប្អូនប្រជាសហគមន៍ចម្ការម្រេច និងពិនិត្យខ្សែសង្វាក់ផលិតកម្ម រោងចក្រកែច្នៃ និងសម្អាតគ្រាប់ម្រេច សិលាភេបភ័រ ខូអិលធីឌី. (SELA PAPER Co.,LTD) ស្ថិតនៅភូមិជីប៉េះ ឃុំមេមត់ និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ស្ថិតនៅភូមិបេង ឃុំដារ ស្រុកមេមត់ ដែលត្រូវដាក់បញ្ចូលក្នុងចលនាភូមិមួយផលិតផលមួយ។

ស្ថិតក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ទៅកាន់ម្ចាស់អាជីវកម្ម សិប្បកម្ម សហគ្រាសថា អ្នកផលិតក្នុងស្រុក ត្រូវជឿជាក់ថា ផលិតផលរបស់ខ្លួនមានគុណភាព និងមានស្តង់ដារត្រឹមត្រូវ តាមការកំណត់របស់ភូមិ១ផលិតផល១។

ជាចុងក្រោយ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានជំរុញដល់សមាជិកក្រុមការងារភូមិមួយផលិតផលមួយ អាជីវករ ផលិតករ ពាណិជ្ជករ សមាគមន៍អាជីវករ និងសាធារជនទូទៅ ទូទាំងខេត្តត្បូងឃ្មុំ ចូលរួមឲ្យបានច្រើនកុះករ នូវវេទិកាផ្គូរផ្គងរវាងអ្នកលក់ និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោងការទទួលបានទីផ្សារសម្រាប់អ្នកផលិត និងសហគ្រាសធុនតូច និងមធ្យម (ភូមិ១ផលិតផល១) ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ នៅមាត់ទន្លេសិប្បនិម្មិត ទីរួមខេត្ត។

ផលិតផលដែលត្រូវដាក់តាំងបង្ហាញមានដូចជា ចម្លាក់ សំលៀកបំពាក់ សិល្បៈ ចំណីអាហារ ភេសជ្ជៈ កសិកម្ម (វត្ថុធាតុដើម) សិប្បកម្ម និងរបស់ប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀត៕