2023-10-26 09:10
359

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលសង្កែ១ បានហៅយុវតីជើងខ្លាំងជាសិស្សសាលាសុវណ្ណភូមិ ដែលប្រើហិង្សាវ៉ៃមិត្តរួមថ្នាក់ រួមទាំងអាណាព្យាបាលទាំងសងខាងមកធ្វើការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿង ក្រោមរូបភាពអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ចប់រឿង ធ្វើឲ្យនិទណ្ឌភាព នៃបទល្មើសព្រហ្មទណ្ឌនឹងបន្តកើតមានក្នុងសង្គម ខណៈបទល្មើសប្រព្រឹត្តជាក់ស្តែងបង្ហោះចែកចាយផ្អើលពេញបណ្តាញសង្គម។ 

នៅព្រលប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីបានឃើញព័ត៌មានមាន ករណីទំនាស់បន្តិចបន្តួចរវាងសិស្ស និងសិស្សក្នុងសាលារៀន នៅថៃ្ងទី២៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសងែ្ក១ បានអញ្ជើញអាណាព្យាបាលសិស្សទាំងសងខាង ដើម្បីសាកសួរ។ 

របាយការណ៍បានបង្ហាញថា ដោយមានការសម្របសម្រួលពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសងែ្ក១ ខាងអាណាព្យាបាលក្មេងបង្ក និងក្មេងបង្កបានធ្វើការសុំទោសជាសាធារណៈ និងសុំការអធ្យាស្រ័យពីអាណាព្យាបាលខាងក្មេងរងគ្រោះ។ ភាគីទាំងពីរក៏មានការយោគយល់ និងអធ្យាស្រ័យគ្នា និងដោយយោងក្មេងបង្កនៅអនីតិជន និងនៅកំពុងសិក្សា  សមត្ថកិច្ចបានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាមិនឲ្យមានករណីអំពើហិង្សាបន្តទៀតនោះទេ និងបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ដើម្បីឲ្យអាណាព្យាបាលអប់រំបន្ត។ 

សូមជម្រាបថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១២និង៣០នាទី កើតហេតុក្នុងសាលាសុវណ្ណភូមិ នៅចំណុច បណ្តោយផ្លូវលេខ ៩០៧ ក្រុមទី១៤ ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ មានករណីទំនាស់វាយគា្នរវាងសិស្សនិងសិស្ស ចំនួន ០២នាក់ស្រី ត្រូវបានគេបង្ហោះ និងចែកចាយវីដេអូ នៃអំពើហិង្សានោះផ្ទុះពេញបណ្តាញសង្គម។ 

ជនរងគ្រោះឈ្មោះ អៀង សុម៉ាវតី្ត ភេទស្រី អាយុ ១៣ឆាំ្ន សិស្សសាលាសុវណ្ណភូមិ  មានទីលំនៅផ្ទE១៥០ ក្រុម៣ ភូមិឃាំ្លងសាំងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ពុំមានរងរបួសសា្នម។ 
ចំពោះយុវតីជើងខ្លាំងបង្កហិង្សាយ៉ាងចាស់ដៃលើមិត្តភក្តិរួមថ្នាក់ មានឈ្មោះ ឌន សាតស្រីពីន ភេទស្រី អាយុ ១៤ឆាំ្ន សិស្សសាលាសុវណ្ណភូមិ មានទីលំនៅផ្ទះ១ ផ្លូវ៩០៧ ភូមិបឹងសាឡាង សងា្កត់ឫស្សីកែវ ខណ្ឧឫស្សីកែវ។ 

ក្រោយទទួលបានព័ត៌មានខាងលើ នៅថៃ្ងទី២៥ ខែតុលា ឆាំ្ន២០២៣ វេលាម៉ោង ១៤និង៣០នាទីកម្លាំងនគរបាលប៉ុសិ្ត និងខណ្ឌបានអញ្ជើញអាណាព្យាបាលសិស្សទាំងសងខាងមកប៉ុស្តិ៍ ដើម្បីធើ្វការសម្របសម្រួលគ្នាករណីខាងលើនេះដោយភាគីជនរងគ្រោះអោយ ភាគីបង្កថតឡាយវីដេអូសុំទោសជាសាធារណៈ និងធើ្វកិច្ចសន្យាពុំមានគុំគួន+បញ្ឈប់ចេញជាសារសំឡេងផ្សេងៗ ។

  សូមបញ្ជាក់ថា សីលធម៌ក្នុងសង្គមនាពេលបច្ចុប្បន្នហាក់មានការធ្លាក់ចុះយ៉ាងខ្លាំងក្នុងស្រទាបយុវវ័យ ដូច្នេះត្រូវគ្រប់ភាគីពាក់ព័ន្ធទាំងអាណាព្យាបាល សាលារៀន ក្រសួង ស្ថាប័នពាក់ព័ន្ធគួរយកចិត្តទុកដាក់ដើម្បីពង្រឹងសីលធម៌ សុជីវធម៌ ទំនាមទំលាបប្រពៃណីខ្មែរដ៏ផូរផង់ឡើងវិញ៕