2023-04-16 03:04
362

តាកែវ៖ ទីបំផុត! មន្ត្រីយោធាពាក់ស័ក្តិ៤កន្លះ កងអង្គរក្សម្នាក់ ដែលពាក់ព័ន្ធករណីប្រើអំពើហិង្សាចាក់ប្រហារលើជនរងគ្រោះ បណ្តាលឲ្យធ្លាយពោះវៀនម្នាក់ និង០២នាក់ទៀតរបួសធ្ងន់ ត្រូវតំណាងអយ្យការធ្វើការចោទប្រកាន់ពីបទៈ ប៉ុនប៉ងមនុស្សឃាតដោយចេតនា ហើយចៅក្រមសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ក្នុងពន្ធនាគារខេត្តតាកែវ ដើម្បីបន្តនិតិវិធីច្បាប់។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា រសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៣ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ សំ វុទ្ធី ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំភូមិឈើទាលបាក់ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ដែលបានប្រើកាំបិតចាក់ប្រហារប៉ុនប៉ងឃាតកម្ម លើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ចំនួន០៣នាក់ នៅស្រុកទ្រាំង។ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនត្រូវចោទ ធ្វើឡើងបន្ទាប់ពីលោក ស្រី ស៊ុន យឺត តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ធ្វើការចោទប្រកាន់លើឈ្មោះ សំ វុទ្ធី ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំភូមិឈើទាលបាក់ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ពីបទៈ ប៉ុនប៉ងឃាតកម្ម ។

ជនជាប់ចោទដែលប្រព្រឹត្តបទល្មើសប៉ុនប៉ងឃាតកម្ម ត្រូវសាម៉ីអង្គភាព ចាប់ខ្លួនក្នុងបន្ទាយ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដើម្បីសួរនាំ  និងអស់រយៈពេលជាច្រើនថ្ងៃ ដោយអនុវត្តពិន័យកងទ័ព លុះនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ កន្លងមកនេះ ខាងអង្គភាពបានប្រគល់ខ្លួនជនសង្ស័យឱ្យសមត្ថកិច្ចនគរបាលខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធី ។
 
ក្រោយពេលកើតហេតុ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះ សមត្ថកិច្ចបានស្នងការនគរបាលខេត្តតាកែវ បានធ្វើការទំនាក់ទំនងថ្នាក់ដឹកនាំអង្គភាពរបស់ជន ដើម្បីស៊ើបរកឈ្មោះ និងមុខជនសង្ស័យតាមរយៈកាតសម្គាល់ខ្លួនរបស់អង្គភាព ដែលបានបន្សល់ទុកក្នុងរថយន្តក្រោយពេលធ្វើសកម្មភាពប៉ុនប៉ងចាក់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ដោយគ្មានញញើតដៃ កាលពីយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ កន្លងមក ស្ថិតតាមផ្លូវលំស្ងាត់ ស្ថិតក្នុងភូមិឈើទាលបាក់ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ រួមនាំគ្នារត់គេចខ្លួនបាត់ដោយសន្សល់ទុករថយន្តមួយគ្រឿងនៅកន្លែងកើតហេតុ។

ប្រភពបន្តទៀតថា រថយន្តដែលកក្រុមជនដៃដល់រត់ចោល ម៉ាកកាមរី ហាយព្រីដ ពណ៌ស ផលិតឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 2AV-7891 ក្នុងរថយន្តមានបណ្ណសម្គាល់ខ្លួនជាមន្ត្រីយោធាកងអង្គរក្សការពារថ្នាក់ដឹកនាំមានឈ្មោះ សំ វុទ្ធី មានឋាននន្តរស័ក្តិវរសេនីយ៍ទោ។ តាមប្រពភបានបញ្ជាក់ថា ជនសង្ស័យរូបនេះ ខាងប្រធានអង្គភាពរបស់គេមិនទាន់ប្រគល់ឱ្យស្នងការនគរបាលខេត្តតាកែវនៅឡើយទេ រង់ចាំអង្គភាពធ្វើការសាកសួរ និងបំពេញឯកសាររួចរាល់សិនទើបប្រគល់ខ្លួនជនប្រព្រឹត្តបទល្មើសឱ្យនគរបាលជំនាញចាត់ការតាមនីតិវិធីច្បាប់។

សូមរំឭកថា កាលពីយប់ថ្ងៃទី០៨ ខែមេសា ២០២៣ វេលាម៉ោង ១០:២០នាទី មានករណីស្ទាក់កាប់ លើបុរសម្នាក់រងរបួសធ្ងន់ធ្ងរ នៅចំណុចខាងលិចសាលាឃុំធ្លក ស្រុកទ្រាំង ដោយជនសង្ស័យជិះរថយន្ត ចំនួន០២គ្រឿង ធ្វើសកម្មភាពកាប់ និងចាក់យ៉ាងព្រៃផ្សៃបំផុត ខណៈពេលជនរងគ្រោះចេញពីហូបការ ក្រោយធ្វើសកម្មភាពរួចក៏នាំគ្នាបើករថយន្តមួយគ្រឿងចេញទៅបាត់ដោយបន្សល់ទុករថយន្តមួយគ្រឿងជាមួយ នឹងកាតសម្គាល់ខ្លួនជាមន្ត្រីយោធា។

តាមប្រជាពលរដ្ឋ រស់នៅក្នុងឃុំធ្លក បានឲ្យដឹងថា ករណីជម្លោះកើតចេញពីការចូលរួមពិធីមង្គលការមួយ ទាស់ពាក្យសម្ដីគ្នាបន្តិចបន្តួចរឿងកន្លែងចតរថយន្តចូលរួមពិធីមង្គលការ ប៉ុន្តែពេលចេញពីរោងការក្រុមជនសង្ស័យដេញតាមធ្វើសកម្មភាពបែបនេះតែម្តង។

ជុំវិញករណីនេះដែរ អធិការនគរបាលស្រុកទ្រាំង លោកវរសេនីយ៍ឯក ឃុត ភិន បានបញ្ជាក់ថា សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុក ក៏ដូចជាការិល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានកំពុងធ្វើការស្រាវជ្រាវ វែកមុខជនសង្ស័យយកមកផ្ដន្ទាទោស។

កាលពីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ទោ ឈាន ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ មិនធ្វើការបំភ្លឺជុំវិញ ជនសង្ស័យជាកងអង្គរក្សថ្នាក់ដឹកនាំប្រើហិង្សាចាក់ប៉ុនប៉ងសម្លាប់ជនរងគ្រោះឡើយ ដោយបង្វែរឱ្យសាកសួរអ្នកនាំពាក្យស្នងការដ្ឋានខេត្តតាកែវ។

អ្នកនាំពាក្យស្នងការនគរបាលខេត្តតាកែវ បានបញ្ជាក់ថា "ករណីនេះសមត្ថកិច្ចយើងកំពុងស្រាវជ្រាវ ព្រោះមុខសញ្ញាខាងជំនាញកំណត់បានហើយ។ ពេលនេះជនសង្ស័យខាងអង្គភាពគាត់កំពុងសួរនាំមិនទាន់ប្រគល់ឲ្យសមត្ថកិច្ចយើងនៅឡើយ"។

ប៉ុន្តែទីបំផុត ជនសង្ស័យត្រូវបានអង្គភាពសាម៉ីប្រគល់ឲ្យសមត្ថកិច្ចស្នងការនគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមផ្លូវច្បាប់ បន្ទាប់ប្រធានអង្គភាពសាកសួរ និងអនុវត្តវិន័យកងកម្លាំងប្រដាប់អាវុធ។

បច្ចុប្បន្ន ជនសង្ស័យជាអតីតមន្ត្រីយោធាស័ក្តិ៤កន្លះ ត្រូវបានឃុំជាបណ្តោះអាសន្ន៕