2023-03-22 02:03
467

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាចំនួន ៤.៧០៥នាក់ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានជម្រុញឱ្យគ្រប់ស្ថាប័នទាំងរដ្ឋ និងឯកជនផ្តល់ឱកាសឱ្យស្ត្រីចូលរួមក្នុងកិច្ចការងារឱ្យបានច្រើន ព្រោះបច្ចុប្បន្ននេះ ធនធានមនុស្សជាស្ត្រីច្រើនណាស់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា «បច្ចុប្បន្ននេះ ធនធានមនុស្សជាស្ត្រីមានភាគរយច្រើនជាងបុរស ប៉ុន្តែនៅតាមស្ថាប័នមួយចំនួនហាក់មិនសូវមានស្ត្រី ដូច្នេះយើងត្រូវតែឱ្យមានការចូលរួមកិច្ចការងារពីស្ត្រីឱ្យច្រើនមិនថាស្ថាប័នរដ្ឋ និងឯកជាន»។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «សម្តេចតេជោបានពិភាក្សាជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីធ្វើវិសោធនកម្មច្បាប់ថ្នាក់ក្រោមជាតិថ្នាក់ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបើកឱកាសមានស្ត្រីចូលរួមឱ្យបានច្រើន»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «សូមអស់លោករដ្ឋមន្ត្រីទាំងឡាយត្រូវពិនិត្យមើលឡើងវិញ ព្រោះរាល់សំណើរតែងតាំងមកភាគច្រើនជាបុរសមិនសូវមានស្ត្រីទេ ហើយយើងឃើញថា ធនធានមនុស្សជាស្ត្រីមានច្រើនណាស់ ប៉ុន្តែសង្ឃឹមថា នៅថ្ងៃក្រោយនឹងមានការចូលរួមរបស់ស្ត្រីកាន់តែច្រើន»